(យុាំងហ្គូន, មីយ៉ាន់ម៉ា)៖ អ្នកព័ត៌មាន និងរកស៊ីក្នុងវិស័យទេសចរណ៍មកពីសហរដ្ឋអាមេរិក អឺរ៉ុប ចិន ជប៉ុន កូរ៉េខាងត្បូង រួមទាំងតំបន់អាស៊ានមានកម្ពុជាផងសរុបប្រមាណជា ១០០នាក់ ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ា និងវិស័យឯកជនសហកាគ្នា រៀបចំឱ្យមានដំណើរទស្សនាចរមួយទៅកាន់តំបន់ទេសចរណ៍ល្បី និងទាក់ទាញរបស់ពួកគេរយៈពេលមួយសប្តាហ៍។
អ្នកព័ត៌មាន និងអ្នករកស៊ីក្នុងវិស័យទេសចរណ៍ទាំងនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតពីសំណាក់មន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធវិស័យទេសចរណ៍ ហើយត្រូវបានយកចិត្តទុកដាក់ជាទីបំផុត។ អ្នកព័ត៌មាន និងអ្នករកស៊ីក្នុងវិស័យទេសចរណ៍នេះ ត្រូវបានរៀបចំឱ្យស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ និងមានភាពប្រណិតៗជាទីបំផុត។
តំបន់ទេសចរណ៍ជាច្រើនកន្លែងដែលភាគច្រើនជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងក្រុងចំនួន៤ រួមមានអតីតរដ្ឋធានីយុាំងហ្គូន អតីតរាជធានីដ៏ល្បាញល្បីបាហ្គាន ទីក្រុងមែនដាឡេ និងក្រុងហេហូ។ តាមរយៈដំណើរទស្សនាចរនេះ ផ្ទាំងទស្សនីយភាពតំបន់ទេសចររបស់មីយ៉ាន់ម៉ា ត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតលើបណ្តាញផ្សព្វផ្សាយព័ត៌មាន រួមទាំងបណ្តាញសង្គម Facebook និងបណ្តាញសង្គមផ្សេងៗទៀត។
ដំណើរទស្សនាចរណ៍ទៅកាន់តំបន់ទេសចរណ៍ល្បីៗរបស់មីយ៉ាន់ម៉ារយៈពេលមួយសប្តាហ៍ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងពិធីបិទបញ្ចប់ដំណើរទស្សនាចររយៈពេលមួយសប្តាហ៍នេះ ត្រូវបានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក U Ohn Maung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍របស់មីយ៉ាន់ម៉ា ព្រមទាំងអ្នកពាក់ព័ន្ធក្នុងវិស័យសណ្ឋាគារ និងទេសចរណ៍របស់មីយ៉ាន់ម៉ាជាច្រើនរូបផ្សេងទៀត។
ក្នុងពិធីបិទបញ្ចប់ដំណើរទស្សនាចរនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមអ្នកព័ត៌មាន និងអ្នករកស៊ីលើវិស័យទេសចរណ៍ទាំងអស់ ដែលបានអញ្ជើញទៅដល់តំបន់ទេសចរណ៍នៅក្នុងប្រទេសរបស់លោក។ លោកបានបង្ហាញក្តីរំពឹងទុកថា អ្នកព័ត៌មាននឹងផ្សព្វផ្សាយបានទូលំទូលាយពីតំបន់ទេសចរណ៍នៅក្នុងប្រទេសរបស់លោកទៅកាន់ប្រជាពលរដ្ឋនៃបណ្តាប្រទេសរបស់អ្នកព័ត៌មានដែលបានចូលរួមក្នុងដំណើរទស្សនាចរនេះ។
លោករដ្ឋមន្ត្រី ក៏រំពឹងថា អ្នករកស៊ីក្នុងវិស័យទេសចរណ៍ នឹងរៀបចំកញ្ចប់ដំណើរកម្សាន្តមកកាន់ប្រទេសរបស់លោកផងដែរ។
លោក U Ohn Maung បានឱ្យដឹងថា រយៈពេល ៨ខែឆ្នាំ២០១៩នេះ មីយ៉ាន់ម៉ា ទទួលបានភ្ញៀវទេសចរប្រមាណ ២.៨លាន ដែលចំនួននេះមានការកើនឡើងច្រើន បើធៀបនឹងបណ្តាឆ្នាំកន្លងទៅ។ តែចំនួនអ្នកទេសចរនេះ នៅមានអត្រាតិចតួចនៅឡើយបើធៀបនឹងបណ្តាសមាជិកអាស៊ានដទៃទៀត។
លោករដ្ឋមន្ត្រី បានថ្លែងដោយមិនលាក់លៀមថា ការអញ្ជើញអ្នកព័ត៌មាន និងអ្នករកស៊ីលើវិស័យទេសចរណ៍នាពេលនេះ ជាផែនការយុទ្ធសាស្ត្រមួយ ដើម្បីជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់លោកទៅកាន់ពិភពលោក។
លោករដ្ឋមន្ត្រី បានអះអាងថា វិស័យទេសចរណ៍នេះកំពុងមានការប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ហើយមីយ៉ាន់ម៉ា មិនអាចអង្គុយនៅស្ងៀមដោយមិនប្រឹងប្រែងផ្សព្វផ្សាយ និងរិះរកវិធីសាស្ត្រដើម្បីទាក់ទាញអ្នកទេសចរបាននោះឡើយ។
បើតាមលោក U Ohn Maung នៅក្នុងរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះ មីយ៉ាន់ម៉ា បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជាការយកតំបន់ទេសចរណ៍ទាំងអស់បញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីអ្នកទេសចរងាយស្វែងរក ពង្រីកការហោះហើរត្រង់ទៅកាន់បណ្តាប្រទេសនានាទាំងក្នុងតំបន់ និងលើពិភពលោក ព្រមទាំងពង្រឹងសេវា និងបដិសណ្ឋារកិច្ច ដោយបង្កើតកន្លែងស្នាក់នៅកម្រិតផ្កាយជាច្រើនកន្លែងដើម្បីបំពេញការស្នាក់នៅរបស់ភ្ញៀវ។
ក្រៅពីការប្រើយុទ្ធសាស្ត្រទាំងនេះហើយ មីយ៉ាន់ម៉ា ក៏បានសម្រេចមិនយកថ្លៃទិដ្ឋាការ (Visa) សម្រាប់ភ្ញៀវទេសចរមកពីបណ្តាប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ម៉ាកាវ ហុងកុង ចិន អ៉ីតាលី អេស្បាញ អាល្លឺម៉ង់ រុស្ស៉ី និងអូស្ត្រាលីផងដែរ៕