(ត្បូងឃ្មុំ)៖ ក្រោមការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនក្រៅប្រទេស, ប្រតិភូក្រុមការងារយុវជនក្រៅប្រទេស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំយកថវិកាសប្បុរសធម៌របស់បងប្អូនខ្មែររស់នៅក្រៅប្រទេស ប្រគល់ជូនក្រុមគ្រួសារសព៧នាក់ ដែលរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។
ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងដោយមានការចង្អុលបង្ហាញ ដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនក្រៅប្រទេស។
ប្រតិភូក្រុមការងារយុវជនក្រៅប្រទេស បាននាំនូវថវិកាសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស និងក្រុមការងារ ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពជនរងគ្រោះ នៅក្នុងខេត្តព្រៃវែង ចំនួន០៦រូប ខេត្តត្បូងឃ្មុំ ចំនួន០១រូប ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍បាក់រលំអគារ នៅក្រុងព្រះសីហនុ។
ជាមួយគ្នានេះ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ាណែត និងប្រតិភូក្រុមការងារយុវជនក្រៅប្រទេស ដែលបានស្វែងរកមូលនិធិ ជួយឧបត្ថម្ភជាថវិកាយ៉ាងច្រើន ដល់ក្រុមគ្រួសារសពនីមួយៗ ដើម្បីបន្តជីវភាពរស់នៅ និងចិញ្ចឹមបីបាច់កូនតទៅមុខទៀត និងសូមអរគុណដល់ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានជួយជ្រោមជ្រែង ក្នុងការដឹកជញ្ជូនសពជួយឧបត្ថម្ភគាំទ្រ រៀបចំពិធីបុណ្យសពផងដែរ។
សូមបញ្ជាក់ថា ថវិកាដែលទទួលបានពីការបរិច្ចាគ ពីសប្បុរសជនក្រៅប្រទេស ត្រូវបានចែកជូនគ្រួសារសពជនរងគ្រោះស្មើៗគ្នា ចំនួន៦,១៦៩.៨៩ដុល្លារអាមេរិក៕