(រតនគិរី)៖ គណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ដឹកនាំដោយទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគម នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិកាកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា ដែលបាទទួលមរណភាព។
ព្រឹទ្ធាចារ្យ ប៊ូ ថង បាទទួលមរណភាព កាលពីថ្ងៃព្រហស្បត្តិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៖២០នាទីយប់ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។
ទេសរដ្ឋមន្ដ្រី គន់ គីម បានចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ ប៊ូ ថង គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់ ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជា ទេសរដ្ឋមន្ដ្រី គន់ គីម បានចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកស្រី និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា សពរបស់នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋាន ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕