(បន្ទាយមានជ័យ)៖ ជំនន់ទឹកភ្លៀងបានធ្លាក់ជាបន្ដបន្ទាប់ប៉ុន្មានថ្ងៃជាប់គ្នា បានបង្កទៅជាទឹកជំនន់ នៅមូលដ្ឋានឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ រហូតមកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច សហការគ្នាជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ជាបណ្ដោះអាសន្ន។
មេបញ្ជាការវរការពារព្រំដែនគោក៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក សូ ចាន់ណារី បានឲ្យដឹងថា កម្លាំងនគរបាលក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ សហការជាមួយកម្លាំងយោធា តំបន់ប្រតិបត្តិការសឹករងខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទៅកន្លែងសុវត្ថិភាពជាបណ្ដោះអាសន្ន មកសាលាឃុំអូរបីជាន់។
លោក សូ ចាន់ណារី បានអះអាងទៀតថា រហូតមកដល់ពេលនេះ សកម្មភាពជម្លៀសប្រជាពលរដ្ឋ បានធ្វើឡើងចំនួន២១គ្រួសារហើយ។ ខណៈដែលប្រតិបត្តិការ នឹងនៅបន្ដជាប់ជាប្រចាំរហូតប្រជាពលរដ្ឋទាំងអស់មានសុវត្ថិភាព។ លោកបន្ថែមថា នៅកន្លែងសង្គ្រោះក៏មានវត្តមានដឹកនាំបញ្ជាផ្ទាល់ពី លោកស្នងការ ស្នងការរង និងអភិបាលស្រុកអូរជ្រៅផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ បានព្រមានពីជំនន់ទឹកភ្លៀង នៅតាមខេត្តមួយចំនួននៅជាប់ព្រំដែនថៃ និងឡាវ ក្រោយទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប។ នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ ។
ក្រសួងធនធានទឹកបានបញ្ជាក់ថា យោងលើស្ថានភាពជាក់ស្តែងនៃការវិវត្តនៃអាកាសធាតុ ដែលប្រពន្ធ័សម្ពាធ
ទាប (ITCZ) បច្ចុប្បន្នស្ថិតនៅគងពីលើបណ្តាខេត្តនៅជាប់ព្រំប្រទល់ដែនឡាវ និងថៃ។
លក្ខណៈបែបនេះធ្វើឲ្យមានភ្លៀងខ្លាំង អូសបន្លាយយូរ បណ្ដាលឲ្យបរិមាណទឹកច្រើនដែលអាចបង្ករឲ្យទៅជាជំនន់ទឹកភ្លៀង (Flash Flood) ហើយខេត្តដែលអាចប្រឈមជាងគេ រួមមាន៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែងព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំ៕