(ភ្នំពេញ)៖ ទីបំផុតយុវតីឆ្នើមកម្ពុជា១រូប ក្នុងចំណោមយុវតីថ្នាក់ជាតិកម្ពុជា៣រូប ដែលបានចេញទៅចូលរួមប្រកួតប្រជែក «ការតស៊ូមតិថ្នាក់តំបន់របស់យុវជនអាស៊ាន ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០១៩» (AICHR Youth Debate on Human Rights 2019) ទីក្រុងបាងកក ប្រទេសថៃ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយទទួលបានជ័យលាភីវោហារសព្ទឆ្នើម «Best Speaker» ក្នុងចំណោមយុវជន៣០រូប មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន។
បន្ទាប់ពីទទួលបានជោគជ័យសម្រាប់ប្រជាជនកម្ពុជាទាំងមូលនៅលើឆាកតំបន់នោះ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ គណៈប្រតិភូយុវជនកម្ពុជា ដែលដឹកនាំដោយលោកស្រី ហ៊ាន ប៉ូលីណេ អគ្គនាយិកានិងជាតំណាងកម្ពុជាប្រចាំអាយឆានៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់លោក ប៊ូ គុយសេង អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
និស្សិតសរុប៣០រូប ដែលជាតំណាងប្រទេសសមាជិកអាស៊ាន បានចូលរួមប្រកួតប្រជែងការតស៊ូមតិខាងលើនេះ ដោយធ្វើការតស៊ូមតិលើប្រធានបទចំនួន៥គឺ៖ (១) ការកំណត់ចំនួន និងពេលវេលាសម្រាប់ភ្ញៀវទេសចរ ក្នុងការមកទស្សនាឧទ្យានជាតិ (២) ការកាត់ទោសបទល្មើសឧក្រិដ្ឋកម្មចំពោះអនីតិជនដែលមានអាយុចាប់ពី១៦ឆ្នាំឡើង (៣) ការអនុវត្តច្បាប់ ស្តីពីពន្ធលើកាបូនក្នុងតំបន់អាស៊ាន (៤) ថ្នាំវេជ្ជសាស្ត្រដែលផលិតចេញពី Marijuana គួរតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយស្របច្បាប់នៅក្នុងតំបន់អាស៊ាន និង (៥) ប្រព័ន្ធអ៊ីនធឺណិតបច្ចុប្បន្នតម្រូវឱ្យមានការត្រួតពិនិត្យពីរដ្ឋាភិបាល។
បន្ទាប់ពីបានប្រកួតប្រជែងការតស៊ូមតិដ៏ស្វិតស្វាញ យុវតី សុខ សូនីតា និស្សិតសកលវិទ្យាល័យភ្នំពេញអាមេរិកាំង
ដែលជាយុវជនជ័យលាភីថ្នាក់ជាតិរបស់កម្ពុជា បានទទួលជ័យលាភីជាយុវជនដែលមានវោហាសព្ទឆ្នើមរបស់ថ្នាក់តំបន់អាស៊ាន ក្នុងចំណោមជ័យលាភី៤រូបផ្សេងទៀត។
ក្នុងនាមជាប្រធានគណៈប្រតិភូកម្កុជា លោកស្រី ហ៊ាន ប៉ូលីណេ បានឱ្យដឹងថា សម្រាប់លទ្ធផលនៃការប្រកួតប្រជែងនៅប្រទេសថៃ បានរកឃើញយុវជនឆ្នើមផ្នែកវោហាសព្ទរបស់អាស៊ានចំនួនប្រាំរូប ដែលរួមមាន៖ យុវតីរបស់កម្ពុជា ១រូប, យុវជនមកពីប្រទេសសិង្ហបុរី២រូប, យុវជនមកពីប្រទេសម៉ាឡេស៊ី១រូប និងយុវជនមកពីប្រទេសហ្វីលីពីន ១រូប។
យុវតី សុខ សូនីតា បានថ្លែងថា ឆ្លងតាមរយៈការប្រកួតប្រជែងរវាងយុវជនដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាននេះ ធ្វើឱ្យខ្លួនឯងព្រមទាំងយុវតីកម្ពុជាចំនួន២រូបទៀត ទទួលបានបទពិសោធន៍លើចំណេះដឹងយ៉ាងច្រើន តាមរយៈព្រឹត្តិការណ៍នេះ ជាពិសេសលើការលើកកម្ពស់ការយល់ដឹងស្តីពីសិទ្ធិមនុស្ស ពីសំណាក់វាគ្មិន ជំនាញ និងយុវជនដែលមកពីបណ្តាប្រទេសអាស៊ានដទៃទៀត។
យុវតីជយលាភីរូបនេះ បានបន្តថា ព្រឹត្តិការណ៍នេះធ្វើឱ្យយុវជនក្នុងតំបន់អាស៊ាន រៀនសូត្របន្ថែមពីការធ្វើការរួមគ្នា ជាក្រុម។ ដូច្នេះ ក្នុងនាមជាយុវជនកម្ពុជាមួយរូប សូមលើកទឹកចិត្តដល់យុវជនកម្ពុជាគ្រប់រូប ឱ្យបន្តប្រឹងប្រែងសិក្សា និងចូលរួមបន្តទៀត ក្នុងការនាំជោគជ័យជូនចំពោះខ្លួនឯង ក្រុមគ្រួសារ សាកលវិទ្យាល័យ ក៏ដូចជាប្រទេសជាតិទាំងមូល។
តាមរយៈជ័យលាភីសម្រាប់ជាតិនេះ យុវតី សុខ សូនីតា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនធានមនុស្សរបស់កម្ពុជា បាន និងកំពុងរីកដុះដាលទៅមុខជាលំដាប់ ដោយយុវជនកម្ពុជាទាំងអស់មានភាពក្លាហាន មនសិការស្នេហាជាតិ និងភាពក្លាហាន ក្នុងការចូលរួមប្រកួតប្រជែងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិនានាផងដែរ។
គួរជម្រាបថា កម្ពុជាបានរកឃើញយុវតីឆ្នើមថ្នាក់ជាតិចំនួន៣រូប ដែលតំណាងឱ្យកម្ពុជាសម្រាប់ចេញទៅប្រកួតប្រជែកការតស៊ូមតិថ្នាក់តំបន់របស់យុវជនអាស៊ាន ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ តាមរយៈការប្រកួតប្រជែងការតស៊ូមតិថ្នាក់ជាតិ ស្តីពីសិទ្ធិមនុស្ស នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។ ជ័យលាភីថ្នាក់ជាតិទាំងបីរូប រួមមាន យុវតី សុង ដាភា មកពីសាកលវិទ្យាល័យប៉ារ៉ាហ្គន (Paragon), យុវតី សុខ សូនីតា មកពីសាកលវិទ្យាល័យភ្នំពេញអាមេរិកាំង (AUPP) និងយុវតី ចេង ឧស្សាហ៍ មកពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាភូមិន្ទភ្នំពេញ (RUPP)៕