(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំយកអំណោយរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកស្រី ចែកជូនដល់យោធិនពិការចំនួន២៩១នាក់ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០១៩។
ក្នុងពិធីនេះផងដែរ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំនូវកាផ្ដាំផ្ញើសាកសួរសុខទុក្ខ អំពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ព្រមទាំងសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលសម្តេចតែងតែគិតគូរ ដល់សុខទុក្ខបងប្អូនយោធិនពិការ ព្រមទាំងក្រុមគ្រួសាររបស់បងប្អូនយោធិនពិការ គ្រប់ពេលវេលា ព្រោះយោធិនទាំងអស់ គឺជាអ្នកមានគុណបំណាច់ខ្ពស់ ចំពោះប្រទេសជាតិ មាតុភូមិ។
នាយឧត្តមសេនីយ៍ ក៏បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលលោកតែងតែគិតគូរពីកងទ័ព មិនថាអតីតយុទ្ធជន ឬជនពិការនោះទេ សម្ដេចបានខិតខំគៀងគរ ក៏ដូចជាការដាក់ចេញនូវយន្តការ ដើម្បីជួយដល់យោធិន គ្រួសារយោធិន និងយោធិនពលីមរណៈ ពិការអតីតយុវជន។
នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានបព្ជាក់ថា ការលះបង់របស់យោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធជាតិទាំងអស់ ដែលជាតួអង្គប្រតិបត្តិករដ៏សំខាន់ នៅក្នុងដំណើរការកសាង និងថែរក្សាសន្តិភាព កិច្ចការពារ បូរណៈភាពទឹកដី ការពារនូវអធិបតេយ្យភាពរបស់ជាតិ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ និងបូជាកម្លាំងកាយចិត្ត ដើម្បីភាពសុខសាន្តរបស់មាតុភូមិ និងប្រជាជនជាទីស្រឡាញ់។
នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានផ្ដែផ្ដាំដល់បងៗដែលជាភរិយា និងក្មួយៗ ដែលជាកូនៗរបស់ជនពិការទាំងអស់ មិនត្រូវខ្មាសអៀនចំពោះការដែលមានប្ដី ឫឪពុកជាជនពិការនោះឡើយ តែគួរតែមានមោទនភាពចំពោះឪពុក ដែលបានខិតខំ និងបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងរកសុខសន្តិភាពជូនប្រទេសជាតិ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានយកអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ឧបត្ថម្ភ និងចែកជូនដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ថវិកាចំនួន៣លានរៀល និងយោធិនពិការចំនួន២៩១នាក់ ម្នាក់ៗទទួលបានអំណោយ១កញ្ចប់ រួមមាន៖ មី៥កញ្ចប់, ត្រីខ៥កំប៉ុង, ទឹកដោះគោ១កំប៉ុង, ស្ករស១គីឡូក្រាម និងថវិកា៣ម៉ឺនរៀល៕