(កំពង់ចាម)៖ ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនយោធិនត្រូវចូលនិវត្តន៍ ឆ្នាំ២០១៩ នៅយោធភូមិភាគទី២ ខេត្តកំពង់ចាម នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអះអាងថា រាជរដ្ឋាភិបាលមិនដែលភ្លេចគុណណូបការៈ យោធិនជំនាន់មុនដែលចូលរួមសង្គ្រោះជាតិ និងថែរក្សាសុខសន្តិភាពនោះទេ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា «ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនដែលភ្លេចគុណណូបការៈចំពោះយោធិនជំនាន់មុន ដែលចូលរួមសង្គ្រោះជាតិ និងថែរក្សាសុខសន្តិភាពនោះទេ។ មិនតែប៉ុណ្ណោះ នៅក្នុងក្របខណ្ឌកងទ័ពជើងគោក បានផ្ដល់ឱកាសឲ្យកូនចៅបង្កើតរបស់អ៊ំពូមីង ដែលជាអតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ មានឱកាសចូលបម្រើកងទ័ព ដែលនេះគឺជាការតបស្នងចំពោះយោធិនជំនាន់មុន»។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ការជួបជុំនាថ្ងៃនេះ គឺជាការជួបជុំប្រកបដោយអត្ថន័យខ្លឹមសារ និងមនោសញ្ចេតនាស្និទ្ធស្នាលជ្រាលជ្រៅជាទីបំផុត និងមានមោទនភាពដោយបានបំពាក់ឋានន្តរស័ក្តិថ្មី ជូនយោធិនចូលនិវត្តន៍ នៅយោធភូមិភាគទី២ ដែលបានចូលនិវត្តន៍នៅក្នុងឆ្នាំ២០១៩នេះ ដែលស័ក្តិសមនឹងកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការលះបង់ និងពលិកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញភារកិច្ចជូនជាតិ ទាំងក្នុងដំណាក់កាលសង្គ្រាម និងសន្តិភាព ជាពិសេសនៅទិសយោធភូមិភាគទី២នេះផ្ទាល់។
លោកបន្តថា «ប្រទេសយើងបានសុខសន្តិភាព មកដល់សព្វថ្ងៃបានប៉ុណ្ណេះ ដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអ្នកចូលរួមនៅក្នុងនយោបាយឈ្នះ-ឈ្នះនេះ រួមមាន អ៊ំពូមីងយោធិនចូលនិវត្តន៍ នាយទាហានជំនាន់១ តាំងពីការរំដោះប្រទេសជាតិ និងការបញ្ចប់សង្គ្រាម។ ការបំពាក់ឋានន្តរស័ក្កិនេះ មិនមែនតែសម្រាប់យោធិន នៅក្នុងសម័យរដ្ឋកម្ពុជានោះទេ គឺនៅក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទទាំងមូល»។
បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការបំពាក់ឋានន្តរស័ក្កិ ជូនដល់យោធិនចូលនិវត្តន៍ គឺជាការលើកទឹកចិត្ត លើកកិត្តិយសនាយទាហានជំនាន់១ ដែលមានគុណបំណាច់ និងស្នាដៃដ៏ធំធេងជាច្រើន ដែលចូលរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាល មិនដែលធ្វើការបំពាក់ឋានន្តរស័ក្កិ ជូនយោធិនចូលនិវត្តន៍ ហើយក៏មិនធ្វើរហូតទេ គឺបំពាក់ជូនតែនាយទាហានជំនាន់មួយ ដែលនេះគឺជាករណីពិសេស នៅក្នុងប្រវត្តិសាស្រ្តកងទ័ពខ្មែរមិនដែលធ្វើ នៅក្នុងប្រវត្តិសាស្ត្រកងទ័ពបរទេស មិនដែលធ្វើនោះទេ។
លោកថ្លែងអំណរគុណផ្ទាល់ ចំពោះការលះបង់ការខិតខំបំពេញភារកិច្ចរបស់យោធិនចូលនិវត្តន៍ នៅក្នុងភូមិភាគទី២ ដែលបានបំពេញភារកិច្ចជូនជាតិមាតុភូមិ និងចូលរួមរក្សាសុខសន្តិភាព ស្ថិរភាពឱ្យកូនចៅជំនាន់ក្រោយបានរស់សុខសាន្ត និងដើម្បីបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងការពារជាតិ នៅក្នុងការខិតខំជួយយកចិត្តទុកដាក់ អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និងកូនចៅអតីតយុទ្ធជន។
សូមបញ្ជាក់ថា យោធិនចូលនិវត្តន៍ របស់យោធភូមិភាគទី២ ដែលបានចូលនិវត្តន៍នៅក្នុងឆ្នាំ២០១៩ ហើយដែលត្រូវបំពាក់ឋានន្តរស័ក្តិមានចំនួន៤១៣រូប៕