(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មេភូមិ ស្រ្តីដែលទើបសម្រាលកូនមានចំនួន០៨គ្រួសារ និងប្រជាពលរដ្ឋចំនួន១០០នាក់ នៅភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសជួបសំណេះសំណាលនេះលោក ម៉ម ប៊ុននាង បានលើកឡើងថា រាជរដ្ឋាភិបាលមានគោលនយោបាយ គាំពារសង្គមច្បាស់លាស់ចំពោះប្រជាពលរដ្ឋ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជាប្រចាំ ពីព្រោះសុខភាពជាកត្តាចម្បង និងសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់គ្នា។ ដូចនេះ ត្រូវរស់នៅស្អាត ហូបស្អាត ដើម្បីជៀសឲ្យឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ជាពិសេស ប្អូនៗ ក្មួយៗ ដែលមានកូនតូចៗ ដែលជាទំពាំងស្នងឫស្សី ត្រូវធ្វើយ៉ាងណាបង្កាឲ្យបានខ្ពស់បំផុត ពីព្រោះថា រដូវនេះជារដូវក្តៅ និងធ្លាក់ភ្លៀងច្រើន ដូចច្នេះមិនថាតែមនុស្សចាស់នោះទេ កូនតូចៗក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ។ ដូចច្នេះយើងត្រូវតាមដានឲ្យបានជាប់លាប់។
លោកបានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈគឺជាតម្រូវការយ៉ាងសំខាន់សម្រាប់បម្រើជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេសគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យសកម្មភាពនៅគ្រប់មូលដ្ឋានតាមលក្ខណសម្បត្តិទាំង៩គឺ គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរណ៍ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន គ្មានអំពើរអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើរហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារអាវុធយុទ្ធភណ្ឌមុនទាន់ផ្ទុះ និងមានវិធានការស្រាវជ្រាវទប់ស្កាត់ ឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពី សភាពការណ៍បច្ចុប្បន្នរបស់ប្រទេសជាតិ និងស្នើអោយប្រជាពលរដ្ឋ កុំជឿលើការឃោសនារបស់គណបក្សនយោបាយ និងព័ត៌មានមិនពិត ដែលបង្កអោយមានអស្ថិរភាពនៅក្នុងសេដ្ឋកិច្ច សង្គមជាតិ។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលតែងតែគិតគូរពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយគ្នានោះដែរលោក ក៏បាននាំយកអំណោយមកចែកជូនក្មួយជាស្ត្រីដែលទើបនឹងសម្រាលកូនចំនួន៨គ្រួសារ និងប្រជាពលរដ្ឋចំនួន១០០នាក់ ព្រមទាំងបាននាំយកថវិកាចំនួន ២.២៥០ដុល្លា ដើម្បីជួសជុសសាលាបុណ្យដែលទទួលរងការបាក់បែកឱ្យមានសភាពល្អឡើងវិញ។
ក្រោយពីជួបសំណេះសំណាលរួចមក លោកប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តកោកកាក និងវត្តកែវឧត្ដម (ហៅវត្តស្វាយ) ស្ថិតក្នុងឃុំ គោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងពិធីនោះ លោកបានបូជាទៀន ធូប ផ្កាភ្ញីចំពោះព្រះរតនត្រៃ ព្រមទាំងធ្វើកិច្ចសូត្រមន្តនមស្សការ និងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ជាច្រើនមុខទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូន ជីតាញាតិការទាំង៧សណ្ដាន។ ជាមួយគ្នានេះដែរ ក៏ឧទ្ទិសដល់ដួងវិញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ ពីរបបប្រល័យពូជសាសន៏ ប៉ុលពត សូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ទន្ទឹមគ្នានេះ លោក ម៉ម ប៊ុននាង បាននាំយកបច្ច័យចំនួន៥.០០០ដុល្លា ដើម្បីចូលរួមចំណែកក្នុងកសាងក្លោងទ្វារវត្ត កោកកាក ក៏ដូចជាចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ៕