(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ខាំ សោភា វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺក្រពះ បានបង្ហាញពីកត្តាមួយចំនួនដែលបណ្ដាលឲ្យ អ្នកមានកើតជំងឺក្រពះ ធ្វើឲ្យហូរឈាមតាមក្រពះ និងវិវត្តន៍ទៅជាជំងឺមហារីកក្រពះ ដោយក្នុងនោះកត្តាចម្បង គឺការទទួលទានថ្នាំ បំបាត់ការឈឺចាប់ច្រើនពេក លើសពីនេះក៏មានការបូកផ្សំនឹងការឆ្លងមេរោគពី ការទទួលទានចំណីអាហារឆៅ និងបន្លែឆៅផងដែរ។
ការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ខាំ សោភា ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមក្នុងសិក្ខាសាលា ស្ដីពីការព្យាបាលជំងឺហូរឈាមក្នុងក្រពះ និងជំងឺមហារីកក្រពះ ដែលរៀបចំដោយមន្ទីរពេទ្យរ៉ូយាល់ភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងនោះក៏មានការចូលរួមចែករំលែកចំណេះដឹង ពីលោកវេជ្ជបណ្ឌិត Wutthi Sumetcotimaytha វេជ្ជបណ្ឌិតជំនាញមហារីកថ្លើមមកពី ប្រទេសថៃផងដែរ។
លោកវេជ្ជបណ្ឌិតឲ្យដឹងថា មុននឹងអាចឈានដល់ការកើតជំងឺក្រពះ គឺដោយសារមានដំបៅក្នុងក្រពះបណ្ដាលមកពីកត្តារួមផ្សំជាច្រើន។ ដូច្នេះប្រសិនបើក្រពះមានដំបៅ មិនបានព្យាបាលបានត្រឹមត្រូវ និងជាសះស្បើយនោះទេនឹងបណ្ដាលឲ្យហូរឈាមតាមក្រពះ និងវត្តន៍ទៅរកជំងឺមហារីកក្រពះ។
លោកវេជ្ជបណ្ឌិតឲ្យដឹងថា ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំអាស្ពីរីន ដែលទទួលទានច្រើនពេក នឹងធ្វើឲ្យអ្នកកើតជំងឺក្រពះ ជំងឺក្រពះនេះនឹងវិត្តន៍ជាជំងឺមហារីក ប្រសិនបើមិនមានការព្យាបាល បានត្រឹមត្រូវ និងជាសះស្បើយនោះទេ។ ក្នុងនោះអាហារដែលទទួលទានបណ្ដាលឲ្យ មានជំងឺក្រពះ គឺអាហារឆៅ និងបន្លែឆៅ ពពួកនេះមានផ្ទុកមេរោគ ដែលទទួលទាន ទៅធ្វើឲ្យកើតជំងឺក្រពះ និងជំងឺមហារីក្រពះ។
លោកវេជ្ជបណ្ឌិតបន្ថែមថា «ការហូបអាហារដែលមានសុខភាព គឺ បន្លែ និងផ្លែឈើឲ្យច្រើន ជាងការហូបសាច់, ទទួលទានអាហារទៀតពេលវេលា, កាត់បន្ថយការប្រើប្រាស់ថ្នាំ បំបាត់ការឈឺចាប់, ឬថ្នាំអាស្ពីរីនដែលជាកត្តាបណ្ដាលឲ្យមានដំបៅក្រពះ»។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជំងឺក្រពះនេះនឹងឆ្លងតាមរយៈការទទួលទានសាច់ឆៅ, អាហារឆៅ និងទទួលទាន់បន្លែឆៅ ដែលមិនបានសំអាតបានត្រឹមត្រូ។
លោកវេជ្ជបណ្ឌិត Wutthi Sumetcotimaytha បានឲ្យដឹងថា ប្រសិនបើអ្នកជំងឺមហារីក ស្ថិតក្នុងដំណាកកាលទី១ អត្រានៃការព្យាបាលនឹងជាសះស្បើយ រហូតដល់៩០ភាគរយ ប៉ុន្ដែបើអ្នកជំងឺយឺតយ៉ាវ និងទុករហូតដល់ដំណាក់កាលទី២-៣ នោះកម្រិតនៃការជាមានតិចតួចប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបន្ថែមថា វិធានការការកុំឲ្យកើតជំងឺក្រពះ ត្រូវឲ្យគាត់មកឆែកសុខភាព ឲ្យបានទៀតទាត់ពេលវេលា ការពារការទទួលទានជាតិស្រវឹង និងបារីជាដើម៕