(បាត់ដំបង)៖ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកមោងឬស្សី ខេត្តបាត់ដំបង បានប្រាប់ទៅពលរដ្ឋទាំងអស់ត្រូវចូលរួម ប្រឆាំងសកម្មភាពទាំងឡាយប៉ុនប៉ង ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឲ្យប្រជាជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រហូតមកដល់ពេលនេះ
ការអំពាវនាវនេះខណៈលោក ងែត ដាវុធ ប្រធាននាយកដ្ឋានរដ្ឋបាលនិងលោកស្រី ទៀង សំបូរ ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តបាត់ដំបង បាននាំយកទេយ្យទាន និងបច្ច័យរបស់
លោក ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំ មោងស្រុកមោងឬស្សី ប្រគេន និងចូលរួមកាន់បិណ្ឌវេនទី៨នៅវត្តចំនួន៥ ក្នុងស្រុកមោងឬស្សី នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំមោងនិងពុទ្ធបរិស័ទជាច្រើនររូបទៀត។
បបន្ទាប់ពីការគោរពថ្វាយភួងផ្កាបូជាទៀនធូប ចំពោះព្រះពុទ្ធរូប និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសមពុទរួចមក ថ្នាក់ដឹកនាំទាំង និងពុទ្ធបរិស័ទ្ធទាំងអស់ បានធ្វើពិធីរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង៧សណ្តាន ដែលបាន ចែកឋានទៅកាន់បរលោកខាងមុខ ហើយនោះព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់ថ្នាក់ដឹកនាំ យុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។
ថ្លែងសំណេះសំណាលជាមួយព្រះសង្ឃ ប្រជាពុទ្ធបរិស័ទនាឱកាសនោះលោក ងែត ដាវុធ និងលោកស្រី ទៀង សំបូរ បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងលោក អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានផ្តល់បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃទាំង៥វត្ត ដោយវត្តនីមួយនីមួយៗ ទទួលបាន៨០ម៉ឺនរៀល និងទេយ្យទានមួយចំនួន។ វត្តទាំង៥ ដែលត្រូវវេប្រគេនក្នុងពិធីកាន់បិណ្ឌវេំទី៨នោះរួមមាន៖ វត្តក្បាលមូស វត្តអូរក្របៅ វត្តរលួស វត្តខន្តី និងវត្តឬស្សី ស្ថិតក្នុងឃុំមោងស្រុកមោងឬស្សីខេត្តបាត់ដំបង។
លោក និងលោកស្រី បានបន្តទៀតថា បុណ្យភ្ជុំបិណ្ឌក៏ដូចជា បុណ្យផ្សេងៗទៀត ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃជ័យជំនះ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំទៅហើយ នោះ និងក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
លោកស្រីក៏បានបញ្ជាក់ទៀតថា សន្តិភាពគឺនាំមកអ្វីៗគ្រប់យ៉ាងសម្រាប់យើងទាំងអស់គ្នា ហេតុនេះសូមពុកម៉ែបងប្អូនចូលរួម និងថែរក្សាឲ្យបានល្អគង់វង្សនៅសន្តិភាពមួយនេះ ដែលបានកកើតឡើងក្រោមបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិផងដែរ៕