(បាត់ដំបង)៖ មន្រ្តីជា ន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងទទូចឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នារក្សាសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមិនត្រូវចាញ់បោក ឧបាយកលបំផ្លាញជាតិរបស់ក្រុមក្បត់ជាតិរត់ចោលស្រុកនោះឡើយ។
មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា «សន្តិភាព គឺនាំមកអ្វីៗគ្រប់យ៉ាងសម្រាប់យើងទាំងអស់គ្នា ហេតុនេះសូមពុកម៉ែបងប្អូនចូលរួម និងថែរក្សាឲ្យបានល្អគង់វង្សនៅសន្តិភាពមួយនេះ ដែលបានកកើតឡើង ក្រោមបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិផងដែរ»៕
នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំអរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល និងសការីបាននាំបច្ច័យ និងទេយ្យទានរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត បាត់ដំបងកាន់បិណ្ឌវេនទី៨ នៅវត្តចំនួន៥ ក្នុងស្រុកថ្មគោល ដោយមានការចូលរួមក្រុមប្រឹក្សាឃុំអូរតាគី មេភូមិទាំងអស់ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ផងដែរ។
បន្ទាប់ពីការគោរពថ្វាយភួងផ្កាបូជាទៀនធូប ចំពោះព្រះពុទ្ធរូប និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសមពុទរួចមក លោក សួស អង្គារ៍ និងពុទ្ធបរិស័ទ្ធទាំងអស់ បានធ្វើពិធីរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង៧សណ្តាន ដែលបាន ចែកឋានទៅកាន់បរលោកខាងមុខ ហើយនោះព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់ថ្នាក់ដឹកនាំ យុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។
នៅក្នុងកម្មវិធីកាន់បិណ្ឌ៨នេះដែរមានវត្តចំនួន៥ រួមមាន៖ វត្តត្រាង វត្តអូរតាគី វត្តត្រស់ វត្តវាលទ្រា និងវត្តជ្រោយម្ទេស ដែលមានព្រះសង្ឃចំនួន ១៤២អង្គ, លោក សួស អង្គារ៍ ក៏បាននាំបច្ច័យ និងទេយ្យទានដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងការកាន់បិណ្ឌចំនួន៥វត្តសរុបជាថវិកាមានចំនួន២,៥០០,០០០រៀល និងទេយ្យទាយមានដូចជា មី១៦កេះធំ អង្ករ១៦បាវ ទឹកក្រូច២៥កេះ ទឹកសុទ្ធ១០០យួ បច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃព្រះចៅអធិការ១អង្គ ១០ម៉ឺនរៀល ហើយនិងព្រះសង្ឃចំនួន១៤២អង្គ ប្រគេនបច្ច័យ ២ម៉ឺនរៀល និងចែកជាថវិកាជូនទៅដល់បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួនផងដែរ។
នៅក្នុងឱកាសនោះ លោក បានអំពាវនាវឲ្យសូមបងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើការធ្វើដំណើរទៅតាមវត្តនានា។ ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ពេ
លបើកបរម៉ូតូយើងត្រូវពាក់មួកសុវត្តិភាព ពេលធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានគ្រប់ៗគ្នា ដើម្បីសុវត្តិភាពនៅក្នុងការធ្វើដំណើរទៅទីជិតឆ្ងាយជាដើម។
លោកបានបន្តទៀតថា បុណ្យភ្ជុំបិណ្ឌក៏ដូចជា បុណ្យផ្សេងៗទៀត ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃជ័យជំនះ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំទៅហើយ នោះ និងក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ក្នុងនោះក៏បានធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ននេះ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណង ដើម្បីឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំងប្រាំពីរសណ្តាន ដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ៕