(ភ្នំពេញ)៖ ជនក្បត់ជាតិ សម រង្ស៉ី តែងតែចិញ្ចឹមចិត្តមានផែនការបង្កសង្រ្គាមនៅកម្ពុជា ដោយតាំងពីដើមរៀងមកជនក្បត់ជាតិ សម រង្ស៉ី មិនមែនជាអ្នកនយោបាយគោរពច្បាប់ របស់ជាតិនោះទេ ហើយក៏មិនដែលគោរពប្រជាធិបតេយ្យ ដោយប្រកួតប្រជែង តាមរយៈការបោះឆ្នោតដែរ។ ជនក្បត់ជាតិរូបនេះ តែងតែញុះញង់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ងើបឈរផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត នៅពេលដែលខ្លួនចាញ់ឆ្នោត រហូតដល់ប្រព្រឹត្តទង្វើខុសច្បាប់ មានទោសរត់ទៅនៅក្រៅប្រទេស។
មួយរយៈចុងក្រោយនេះ ជនក្បត់ជាតិ សម រង្ស៉ី កាន់តែឈ្លើយ និងចេញចរិកពាលកាន់តែខ្លាំង រហូតដល់ហ៊ានប្រមាថព្រះចេស្តា ព្រះមហាក្សត្រខ្មែរ ដោយប្រើពាក្យមិនសមរម្យ ចំពោះព្រះមហាក្សត្រជាទីគោរពបំផុត របស់ប្រជារាស្រ្តកម្ពុជា។
ទង្វើរបស់ជន ក្បត់ជាតិ សម រង្ស៉ី តាមរយៈពាក្យសម្តីនេះ ទណ្ឌិត សម រង្ស៉ី កំពុងតែប្រព្រឹត្តបទល្មើសកាន់តែធ្ងន់ធ្ងរទៅៗ ដែលមិនអាចលើកលែងទោសឱ្យបាន។ ជនក្បត់ជាតិ ស្នងកេរ្តិ៍ឈ្នោះក្បត់ជាតិពីឪពុកឈ្មោះ សម សារី ត្រូវបានគេដឹងថា ជាឧបករណ៍នយោបាយរបស់បរទេស ប្រឆាំងនឹងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាអតីតប្រមុខរដ្ឋ នៃសម័យសង្គមរាស្ត្រនិយម។
សម រង្ស៉ី នៅមានគំនុំសងសឹកឱ្យឪពុកក្បត់ជាតិរបស់ខ្លួន ហើយអ្វីដែល សម រង្ស៉ី ធ្វើការសងសឹកនោះ គឺបំផ្លាញកម្ពុជាទាំងមូល ទាំងជាតិ សាសនា ព្រះមហាក្សត្រ ក្រោមលេសថា ស្រឡាញ់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
តាមពិតផែនការរបស់ទណ្ឌិត សម រង្ស៉ី ពេលនេះបាននិងកំពុងព្យាយាមទាញទម្លាក់ប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ឱ្យធ្លាក់ចូលក្នុងមហាគ្រោះថ្នាក់ គ្រោះមហន្តរាយ អសន្តិសុខ អស្ថិរភាព និងភាពវឹកវរដូចក្នុងទសវត្សឆ្នាំ១៩៧០ ពេលដែលក្រុមសាធារណៈរដ្ឋ លន់ នល់ និងសារីមៈតៈ ដែលបានធ្វើរដ្ឋប្រហារទាញទម្លាក់ អតីតព្រះមហាក្សត្រខ្មែរ ព្រះបិតាជាតិ ព្រះបាទ នរោត្តម ពីរាជបង្ល័ល្គដោយមានការជួយជ្រោមជ្រែង ពីប្រទេសមហាអំណាចមួយនៅពីក្រោយខ្នង យ៉ាងច្បាស់ក្នុងគ្រានោះ ទម្លាក់គ្រាប់លើក្បាលខ្មែរ រហូតដល់កម្ពុជាក្លាយទៅជា សង្រ្គាមសម្លាប់ពូជសាសន៍ឯង។
មិនត្រឹមតែមានផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកំពុងរក្សាសុខសន្តិភាព និងការអភិវឌ្ឍប៉ុណ្ណោះទេ ពេលនេះទណ្ឌិតក្បត់ជាតិ សម រង្ស៉ី កំពុងវិវត្តន៍ខ្លួនក្លាយទៅជាមេភេរវករហើយ ព្រោះតាមរយៈការការលើកឡើង របស់ទណ្ឌិតរូបនេះថា នឹងកៀរគរលុយដើម្បីឱ្យទ័ពផ្តាច់ខ្លួន ហើយបង្វែរចុងការណុងដាក់រាជរដ្ឋាភិបាលវិញ។
សំណួរសួរថា៖ តើអ្នកនយោបាយណាលើពិភពលោក ដែលប្រឆាំងដោយប្រើអាវុធ និងទ័ពផ្តាច់ខ្លួន មានឈ្មោះជាអ្នកនយោបាយប្រជាធិបតេយ្យ និងស្របតាមបែបប្រជាធិបតេយ្យនោះ?
ចម្លើយគឺមិនមែនប្រជាធិបតេយ្យទេ គឺជាមេឧទ្ទាម រឺជាមេភេរវករ ដែលពិភពលោកកំពុងស្អប់ខ្ពើម និងកំពុងទប់ស្កាត់។
ដូច្នេះផែនការទាំងប៉ុន្មានរបស់ជនក្បត់ជាតិ សម រង្ស៉ី បានបង្ហាញច្បាស់ថាបានឈានដល់ហួស ពីការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាហើយ ថែមទាំងមានផែនការផ្តួលរំលំ របបរាជានិយមទៀតផង ក្នុងន័យដូររបបរាជានិយម ដោយប្រើមធ្យោបាយជាមេឧទ្ទាម មេភេរវករ បញ្ចោតភូតកុហកជនស្លូតត្រង់ ឱ្យចូលរួមជាមួយខ្លួន។
សំណួរសួរថា៖ តើការផ្លាស់ប្តូររបបមួយ ដែលកំពុងមានសន្តិភាព មានព្រះមហាក្សត្រជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្រ្តខ្មែរ តើ សម រង្ស៉ី ប្តូរដោយរបៀបណា?
ចម្លើយគឺ ច្បាស់ណាស់មិនខុសពី លន់ នល់ នោះទេ គឺរដ្ឋប្រហារ សង្រ្គាមបង្ហូរឈាម។ ប្រវត្តិសាស្ដ្រខ្មែរ គឺជាប្រទេសដែលមានអរិយធម៌ខ្ពង់ខ្ពស់រុងរឿង តាំងពីដើមរៀងមក ប្រទេសកម្ពុជាបានប្រកាន់យក របបនយោបាយតែមួយគត់នោះ គឺរបបរាជានិយម កម្ពុជាមានព្រះរាជាជាក្សត្រ តាំងពីសម័យបុរាណមកម្ល៉េះ ដូច្នេះជនក្បត់ជាតិ សម រង្ស៉ី ថ្លើមធំណាស់ហ៊ានក្បត់បារមី ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ។
សំណួរសួរថា៖ តើប្រជាពលរដ្ឋខ្មែរត្រូវការសង្រ្គាម និងការបង្ហូឈាមទៀតដែរ ឬទេ?
ចម្លើយច្បាស់ណាស់គឺ មិនត្រូវការជាដាច់ខាត ព្រោះសង្រ្គាមគ្មានផលចំណេញនោះទេ ខណៈដែលប្រទេសកម្ពុជា ទើបតែរីកចម្រើន ប្រជាពលរដ្ឋ កូនក្មួយកំពុងរស់នៅយ៉ាងសុខសាន្ត កំពុងបំពេញការងារ កំពុងរៀនសូត្រ កំពុងទទួលផលពីការរីកចម្រើន និងសន្តិភាពជាតិ។
ខ្ញុំនៅចាំបានយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ សម្តេចបានធ្វើសច្ចាយ៉ាងច្បាស់ នៅចំពោះមុខព្រះសព របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថា៖ «…ចំពោះសម្តេចឪ ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ។ សូមព្រះអង្គកុំព្រួយព្រះទ័យ។ ទូលបង្គំសច្ចាចំពោះព្រះវិញ្ញាណក្ខន្ធព្រះអង្គ សូមព្រះអង្គកុំបារម្ភ សូមព្រះអង្គយាងទៅកាន់សុគតិភព។ ទូលបង្គំនឹងការពារ…..»។
រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាន់ជំហរដាច់ខាតនិងឥតងាករេ ហើយទោះបីក្នុងតម្លៃណាក៏ដោយ ការពាររបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្ក និងបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបានគង់វង្ស។
សរុបមកសូមអ្នកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ដែលកំពុងមានផែនការដ៏អាក្រក់បំផុតចំពោះកម្ពុជា សូមដកខ្លួនជាបន្ទាន់ ជៀសវាងចាញ់បោកមនោគមន៍របស់ទណ្ឌិតនេះ បើមិនដូច្នោះទេតាមផ្លូវច្បាប់ទាំងអ្នករៀបចំផែនការ ទាំងអ្នកផ្សំគំនិត សុទ្ធតែមានទោសមិនអាចលើកលែងបានឡើយ៕
ដោយ៖ ជា ច័ន្ទបរិបូរណ៌