(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធទិវាសន្តិភាពអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីជាប្រទេសកម្ពុជា ស្ថិតនៅក្រោមសម្ពាធ នៃការគំរាមកំហែងដាក់ទណ្ឌកម្ម ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈជានិច្ច។
តាមរយៈសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, សម្តេចបានថ្លែងសារទៅកាន់ពិភពលោកថា ការវិវត្តន៍ដ៏ស្មុគស្មាញ មិនអាចប៉ាន់ប្រមាណជាមុន នៃសភាពការណ៍ជុំវិញពិភពលោក នាពេលកន្លងមក និងបច្ចុប្បន្ន ជាពិសេសការប្រកួតប្រជែងរវាងមហាអំណាច ក្នុងការការពារប្រយោជន៍នយោបាយ សេដ្ឋកិច្ច និងយោធា បាននិងកំពុងនាំមកនូវការគំរាមកំហែង ចំពោះសន្តិភាព ដែលនៅតែមានភាពស្រួចស្រាវ ទាំងក្នុងតំបន់ និងសកល។
ទន្ទឹមនឹងនេះ សន្តិភាពរបស់កម្ពុជា ក៏ស្ថិតនៅក្នុងលក្ខណៈផុយស្រួយ ដោយសារតែមានការគំរាមកំហែង និងការបន្តយាយី និងអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុង ឥតឈបឈរពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសពីបណ្តាប្រទេសមហាអំណាច និងប្រទេសលោកខាងលិចមួយចំនួន។
សម្តេចតេជោ ហ៊ុន សែន មានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ទោះបីកម្ពុជាស្ថិតនៅក្រោមសម្ពាធ នៃការគំរាមកំហែងដាក់ទណ្ឌកម្ម ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែស្ថិតនៅរួមសុខរួមទុក្ខ ជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ រួមរួមសាមគ្គី ឯកភាពជាតិ ការពារសមិទ្ធិផលសង្គមជាតិ កសាង និងរក្សាការពារឯករាជ្យ សេរីភាពប្រជាធិបតេយ្យ អព្យាក្រិត្យ និងវឌ្ឍនភាពសង្គម និងប្រកាន់ខ្ជាប់នូវឆន្ទៈ មោះមុតក្នុងការរក្សាសន្តិភាព និងស្ថិរភាពឱ្យខាងតែបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ»។
សូមបញ្ជាក់ថា ទិវាសន្តិភាពអន្តរជាតិ ត្រូវបានអនុម័តដោយមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៥៥ នាឆ្នាំ២០០១ ដើម្បលុបបំបាត់អំពើហិង្សា បញ្ឈប់សង្គ្រាម ជំរុញឱ្យមានសុខសន្តិភាពក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល ហើយវាត្រូវបានប្រារព្ធទូទាំងពិភពលោក នៅថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ៕