(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានថ្លែងថា ផ្ដើមចេញពីសុខសន្ដិភាព និងការកអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏រឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រជាពលដ្ឋកាន់តែសម្បូរសប្បាយរីករាយ ជួបជុំគ្រួសារ ទៅណាមកណាមានសេរីភាពពេញលេញ ជាពិសេសនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ការថ្លែងយ៉ាងដូច្នេះរបស់តំណាងមណ្ឌលកំពង់ចាម ក្នុងឱកាសាកាន់បិណ្ឌភ្ជុំបិណ្ឌទី០៧ ជាមួយភរិយា លោកស្រី អ៊ុក ម៉ាលី និងកូនចៅ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលាបុណ្យ ក្នុងស្រុកកំណើត នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម។
លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងថា «សន្ដិភាពសម្រាប់ប្រទេសនៅពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច គំរាមកំហែង កាប់សម្លាប់ ព្រាត់គ្រួសារ និងជួបភាពអត់ឃ្លាននោះទេ។ បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋយើងមានជីវភាពកាន់តែធូរធា សម្បូរការងារធ្វើទាំងនៅទីក្រុង និងតាមបណ្ដាខេត្ដ។ លើសពីនោះប្រជាពលរដ្ឋយើងអាចធ្វើដំណើរជួបជុំគ្រួសារ ដំណើរកំសាន្ត ក្នុងស្រុកក្រៅស្រុក យ៉ាងសប្បាយរីករាយ ពិសេសទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃក្នុងឱកាសបុណ្យភ្ជុំបណ្ឌនេះ»។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញកាន់បិណ្ឌនេះ លោកបណ្ឌិត ម៉ា ឈឿន និងក្រុមគ្រួសារ ក៏បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៀត និងថវិកាប្រគេនព្រះសង្ឃ និងថវិកាមួយចំនួន កសាងសាលាឆទាន នៅក្នុងបរិវេនវត្តសុវណ្ណគិរី ហៅជើងឆ្នុក ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋានទៅតាមប្រពៃណីសាសនាខ្មែរ។
បន្ទាប់ពីប្រគេនចង្ហាន់ហើយនោះ លោកបណ្ឌិត ក៏បានសុំឲ្យមគ្គផលកើតចេញពីការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូល បានជួបក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត។ ទន្ទឹមនឹងនោះ ក៏បានជូនថវិកា និងក្រណាត់សរ ជូនដល់ចាស់ព្រឹទ្ធចារ្យ លោកតា លោកយាយ ព្រមទាំងពុទ្ធបរិស័ទ ជាច្រើននាក់ផងដែរ៕