(ភ្នំពេញ)៖ សាលាមីគីវ៉េ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីប្រកាសលទ្ធផល នៃការប្រឡងសិស្សពូកែផ្នែកភាសាខ្មែរ និងភាសាអង់គ្លេស ទូទាំងសាលាមីគីវ៉េ ទាំង២៩សាខា និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា និងរង្វាន់ជ័យលាភីដល់សិស្សឆ្នើម។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋម នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សាលាបុគ្គលិកលោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស និងមាតាបិតាសិស្សយ៉ាងច្រើនកុះករ ។
បើតាមរបាយការណ៍ ការិយាល័យចំណេះទូទៅភាសាខ្មែរ នៃសាលាមីគីវេ បានបញ្ជាក់ថា សាលាមីគីវ៉េ ទាំង២៩សាខា មានសិស្សសរុបចំនួន២៩,៤៥៦នាក់ កំពុងសិក្សាកម្មវិធីភាសាអង់គ្លេស និងចំណេះទូទៅភាសាខ្មែរ តាំងពីកម្រិតមត្តេយ្យសិក្សាដល់កម្រិត១២។ ក្នុងនោះ សិស្សចំណេះទូទៅភាសាខ្មែរ ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិមានសិស្សសរុបចំនួន១១,៣១១នាក់។
របាយការណ៍ បានបន្ថែមថា ក្នុងកម្មវិធីនេះ សាលាបានអញ្ជើញសិស្សពូកែ (ចំណាត់ថ្នាក់លេខ១ ប្រចាំសាខា) ទាំង២២២នាក់ មកពីគ្រប់សាខាទាំង២៩ ឲ្យចូលរួម និងចែកជូនរង្វាន់ និងប័ណ្ណសរសើរដល់ពួកគាត់។
របាយការណ៍ បានឲ្យដឹងទៀតថា នៅក្នុងចំណោមសិស្សពូកែទាំង២២២នាក់ មានសិស្សចំនួន៧៦នាក់ ត្រូវបានជ្រើសរើសជាសិស្សផ្តើម ទូទាំងសាលាមីគីវ៉េប្រចាំឆ្នាំសិក្សា ២០១៨-២០១៩ ដោយសាលាបានផ្តល់ជូន ពានជ័យលាភី អាហារូបករណ៍ សម្ភារសិក្សា និងថវិកាជាច្រើន ទៀតដល់សិស្សឆ្នើមទាំងនោះ ដើម្បីជាការលើកទឹកចិត្ត។
លោក សែម សុវ័ន នាយកប្រតិបត្តិសាលាមីគីវ៉េ បានបញ្ជាក់ថា ការកំណត់ឲ្យមានការប្រឡងជ្រើសរើសសិស្សឆ្នើមសម្រាប់ឆ្នាំសិក្សានីមួយៗ របស់សាលាមីគីវ៉េ គឺជាយន្តការមួយ ក្នុងចំណោមយន្តការជាច្រើន នៃផែនការពង្រឹងគុណភាពសិក្សារបស់សិស្ស។
លោក សែម សុវ័ន ក៏បានសំដែងការចូលរួម អបអរសាទរចំពោះលទ្ធផលដ៏ល្អរបស់ក្មួយៗជាសិស្សពូកែ ហើយបញ្ជាក់ថា លទ្ធផលដែលក្មួយៗ សិស្សពូកែទាំងអស់ទទួលបាន គឺជាការតបស្នងមួយដ៏ មានន័យជូនដល់ មាតាបិតារបស់ក្មួយៗ និងជាមោទនៈភាពមួយ សម្រាប់ខ្លួនឯង និងសម្រាប់គ្រួសាររបស់ក្មួយៗ។
ឆ្លៀតក្នុងឱកាសនោះ លោក សែម សុវ័ន បានធ្វើការថ្លែងអំណរគុណ ចំពោះការផ្តល់ទំនុកចិត្តដល់សាលាមីគីវ៉េ របស់សិស្សានុសិស្ស និងរបស់លោក លោកស្រី ដែលជាមាតាបិតា ឬអាណាព្យាបាលសិស្ស ដោយការជ្រើសរើសយកសាលាមីគីវ៉េ ជាកន្លែងផ្តល់ការអប់រំដល់ ក្មួយៗ និងបុត្រធីតារបស់អស់លោក-លោកស្រី។
ជាមួយគ្នានោះ នាយកប្រតិបត្តិសាលាមីគីវ៉េ បានសំណូមពរឲ្យក្មួយៗ និងលោក-លោកស្រី ដែលជាមាតាបិតា ឬអាណាព្យាបាលបន្តនូវការគាំទ្រ និងសហការជាមួយសាលា ដើម្បីជំរុញឲ្យការសិក្សា របស់ក្មួយៗជាសិស្សានុសិស្សកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត។
លោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋម នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានមតិកំណត់សម្គាល់ថា សាលាមីគីវ៉េ គឺជាសាលាមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងគោរពតាមបទដ្ឋានរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជននិងកីឡា។ លោកបានធ្វើការកោតសរសើរ ចំពោះការរីកចម្រើន និងប្រព័ន្ធគ្រប់គ្រងរបស់សាលាមីគីវ៉េ។
ក្នុងឱកាសនោះ លោក ព្រាប កុម្ភៈ ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាអង្គពិធីទាំងមូល ដោយសង្កត់ធ្ងន់ លើការពង្រឹងសមត្ថភាពក្នុងការបង្រៀន និងរៀនពីមួយថ្ងៃទៅមួយថ្ងៃ ដោយឈរលើការអនុវត្ត នូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕