(ភ្នំពេញ)៖ លោក ថាំ សាន្ដ អតីតស្នងការនគរបាលខេត្តកោះកុង និងជាអតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវជាបងថ្លៃរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានទទួលមរណភាព នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
Facebook របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហោះសារថា «ខ្ញុំ និងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំដោយ ឯកឧត្តម ថាំ សាន្ត អតីតស្នងការនគរបាលខេត្តកោះកុង និងជាអតីតអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលត្រូវជាបងប្រុសបង្កើតលោកជំទាវ តៅ តឿន បានទទួលមរណភាព នៅវេលាម៉ោង ២០:៣៩នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដោយរោគាពាធ ក្នុងជន្មាយុ ៦៨ឆ្នាំ»។
បច្ចុប្បន្នសពរបស់លោក ថាំ សាន្ដ កំពុងតម្កល់ធ្វើបុណ្យទៅតាមប្រពៃណី នៅគេហដ្ឋាននៃក្រុមគ្រួសារសព ស្ថិតក្នុងភូមិព្រែកស្វាយ (ឆ្មាចាត់) សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា នឹងដង្ហែរទៅបូជានៅ វត្តព្រែកស្វាយ៕