(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្តល់អំណោយជូន កម្មករធាក់ស៊ីកូជាង៣០០នាក់ ដើម្បីឲ្យបងប្អូនបានទៅវត្តធ្វើបុណ្យទាន តាមប្រពៃណីជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងសាលារាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ដោយឡែកសម្រាប់បងប្អូនកម្មករធាក់ស៊ីកូ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបង្កើតឲ្យមាន ជាសមាគមមូលនិធិត្រីចក្រយានកម្ពុជា ដែលជាផ្នែកមួយ ក្នុងការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គម និងគិតគូពីសុខទុក្ខរបស់បងប្អូន ក្នុងចំណោមអ្នកប្រកបរបរធាក់ស៊ីក្លូចំនួនជាង៣០០នាក់ ក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន។
បងប្អូនធាក់ស៊ីក្លូចំនួន៣១៦នាក់ បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងម្នាក់ៗ ទទួលបានអាវយឺត៥, មី៥កញ្ចប់, តែ៥កញ្ចប់, ទឹកដោះគោ២កំប៉ុង, ស្ករស១គីឡូ, ត្រីខ២កំប៉ុង, ទឹកក្រូច៤, កំប៉ុងស្រាក់បាយ១ស្រាក់, សាប៊ូកន្លះគីឡូ១កញ្ចប់, នំប៉័ង១ដើម, ទឹកសុទ្ធបរិភោគ១ដប និងថវិកាចំនួន១១ម៉ឺនរៀល ដើម្បីឲ្យបងប្អូនបានទៅវត្តធ្វើបុណ្យទានតាមប្រពៃណីជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕