(ភ្នំពេញ)៖ លោក នាង ម៉ៅ អគ្គនាយករង តំណាងលោក ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែកញ្ញានេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «សន្តិសុខវេបសាយ និងយន្តការឆ្លើយតប (Web Application Security and Countermeasure )» ។ 

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឧបត្ថម្ភដោយក្រុមហ៊ុនបច្ចេកវិទ្យា Proseth Solutions ដោយមានការចូលរួមពី ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, វិស័យឯកជន, គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឧត្តមសិក្សា ដោយមាន សិក្ខាកាមចូលរួមសរុបប្រមាណ ១២៤នាក់។

គោលបំណងនៃសិក្ខាសាលារៀបចំឡើង គឺដើម្បីធ្វើការចែករំលែកអំពីហានិភ័យថ្មីៗពាក់ព័ន្ធទៅនឹង សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន, ការបង្ហាញផ្ទាល់អំពីលទ្ធភាពក្នុងការវាយប្រហារទៅលើអាជីវកម្មរបស់អ្នក និងវិធីសាស្ត្រការពារនិងទប់ស្កាត់ពីការវាយប្រហារ។

លោក នាង ម៉ៅ បានថ្លែងថា ជាមួយនឹងការប្រែក្លាយអាជីវកម្ម ឬសេវាកម្មបែបប្រពៃណីយ៍ទៅជាអាជីវកម្ម ឬសេវាកម្មដោយប្រើប្រាស់បណ្តាញអ៊ីនធើណេត វាបានផ្តល់នូវទីផ្សារថ្មីមួយដ៏ធំទូលាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក៏ប៉ុន្តែអ្នកក៏ត្រូវប្រឈមមុខផងដែរ ជាមួយនឹងហានិភ័យក្នុងយុគ្គសម័យឌីជីថលនោះ គឺការវាយលុកពីអ៊ីនធើណេតដោយឧក្រិដ្ឋជនបច្ចេកវិទ្យា។ ឧក្រិដ្ឋជនមានឱកាសជាច្រើនសម្រាប់ភាពជោគជ័យ ក្នុងការវាយប្រហារទៅប្រព័ន្ធវេបសាយ ដោយសារតែមានកំសោយនៅក្នុងយន្តការសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

លោកបន្តថា មានចំនុចជាច្រើនដែលធ្វើឱ្យអ្នកក្លាយ ទៅជាគោលដៅនៃការវាយប្រហារដ៏ងាយស្រួល៖ (១).ដោយសារគិតថាខ្លួន មិនមែនជាគោលដៅនៃការវាយប្រហារដូច្នេះហើយមិនបាន ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួនឡើយ, (២).ហានិភ័យធំបំផុត គឺកើតចេញពីខាងក្នុងដោយសារតែបុគ្គលិករបស់អ្នក ដើរតួនាទីជាច្រកចូលរបស់ឧក្រិដ្ឋជន, (៣).មិនមានការត្រួតពិនិត្យទៅលើហេដ្ឋរចនាសម្ព័ន្ធឌីជីថល ដែលប្រើប្រាស់នៅក្នុងសហគ្រាស និង (៤).គិតថាទិន្នន័យទាំងអស់មិនសំខាន់។

លោកបានបន្ថែមទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងអាជីវកម្មរបស់អ្នក គឺមិនអាចជៀសផុតបានឡើយ នៅក្នុងយុគ្គសម័យសមាហរណកម្មសេដ្ឋកិច្ចទីផ្សាសេរី។ ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម តាមអនឡាញជាមួយនឹងការការទូទាត់សាច់ប្រាក់ ដោយស្វ័យប្រវត្តិវានឹងក្លាយទៅជាតម្រូវការចាំបាច់ ពីសំណាក់អតិថិជន នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ការគ្រប់គ្រងប្រព័ន្ធឌីជីថលរបស់អ្នកប្រកបដោយសន្តិសុខ និងសុវត្ថិភាព និងក្លាយជាគុណសម្បត្តិប្រកួតប្រជែងមួយ ដ៏មានប្រសិទ្ធិភាពដើម្បីធានាបាននូវទំនុកចិត្តពីសំណាក់អតិថិជនរបស់អ្នក។

លោកបានបន្តថា សិក្ខាសាលានៅក្នុងថ្ងៃនេះ នឹងបានជាធាតុចូលមួយដ៏សំខាន់សម្រាប់ អស់លោក-លោកស្រី ក្នុងស្វែងយល់បន្ថែមអំពីចំណេះដឹងក្នុងការការពារប្រព័ន្ធវេបសាយ (Web Application) របស់អង្គភាពខ្លួន ដើម្បីដាក់ចេញជាវិធានការណ៍ចាំបាច់នានាក្នុងពេលអនាគត៕