(បាត់ដំបង)៖ អាជ្ញាធរខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ពលរដ្ឋម្នាក់ដែលបាត់ខ្លួន ក្នុងករណីដីភ្នំបាក់សង្កត់ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា នៅពេលនេះ បានរកឃើញសាកសពហើយ។
រដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង បានបញ្ជាក់ថា ពលរដ្ឋម្នាក់ដែលបាត់ខ្លួននេះមានឈ្មោះ ផាន់ រី មានអាយុ២០ឆ្នាំ ត្រូវបានកម្លាំងចម្រុះស្វែងរកឃើញនៅក្នុងទឹកដីថៃ ប៉ុន្តែគួរឲ្យសោកស្តាយបុរសនេះបានស្លាប់ ហើយសពមានសភាពហើមស្អុយរលួយ។
អាជ្ញាធរបានបញ្ជាក់ទៀតថា សពជនរងគ្រោះរូបនេះ ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិនឹងសម្រេចបូជា នៅទីតាំងដែលកងកម្លាំងបានរកឃើញតែម្តង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ស្អែកនេះ នៅលើទឹកដីប្រទេសថៃ រួចទើបយកឆ្អឹងមកធ្វើបុណ្យនៅគេហដ្ឋាន ក្នុងភូមិអូត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋខ្មែរចំនួន៧នាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀង វាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់ បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួនផងដែរ។ ប៉ុន្តែអ្នកដែលបាត់ខ្លួនម្នាក់ ត្រូវបានរកឃើញនៅមានជីវិត នៅថ្ងៃទី១៩ ខែកញ្ញាម្សិលមិញ និងម្នាក់ទៀតរកឃើញសព នៅថ្ងៃនេះ៕