(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលប្រឡង់ជាប់បាក់ឌុប ហើយទទួលបាននិទ្ទេសល្អ A, B, C នៅក្នុងខេត្តមណ្ឌលគិរី។
ការទទួលរង្វាន់លើកទឹកចិត្តខាងលើនេះ មានការអញ្ជើញចូលរួមពីលោក ឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ព្រមទាំងវត្តមាន លោក លោកស្រី មកពីមន្ទីរជុំវិញខេត្តច្រើនរូបទៀតផងដែរ។
សិស្សដែលបានប្រឡងជាប់និទ្ទេសA ម្នាក់ឈ្មោះ មាស រតនា ទទួលបានម៉ូតូមួយគ្រឿង ម៉ាក Zoomer-X, ថវិកាចំនួន១,២០០ដុល្លារ និង២០ម៉ឺនរៀល និងថេបប្លែតចំនួនមួយគ្រឿង។
សិស្សដែលបានប្រឡងជាប់និទ្ទេស B មានចំនួន៣នាក់ ម្នាក់ៗទទួលបានរង្វាន់លើកទឹកចិត្ត ថវិកាចំនួន២០០ដុល្លារ, និសិស្សជាប់និទ្ទេស C មានចំនួន៣៦នាក់ ម្នាក់ៗទទួលបានរង្វាន់លើកទឹកចិត្ត ចំនួន១៥ម៉ឺនរៀល, ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូបំប៉ន ចំនួន១២នាក់ ម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល។
សូមជម្រាបថា សម្ភារ និងថវិកាដែលថ្នាក់ដឹកនាំខេត្ត បានផ្តល់ជារង្វាន់លើកទឹកចិត្តចំពោះសិស្សពូកែ ដែលជាប់និទ្ទេស A, B និងC ព្រមទាំងលោកគ្រូ អ្នកគ្រូបំប៉ន
នេះជាថវិកាផ្ទាល់របស់លោក ឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ, លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងថវិកាមួយផ្នែក បានមកពីសប្បុរសជននានា។ ក្នុងនោះលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានឧបត្ថម្ភថេបប្លែត មួយគ្រឿងផងដែរ។
សិស្សានុសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩នេះ នៅខេត្តមណ្ឌលគិរី មានសរុបចំនួន៤០១នាក់ ស្រី២២១ ជាប់៣៥៧នាក់ ស្រី២០០នាក់ ក្នុងនោះសិស្សជាប់និទ្ទេសA ម្នាក់, និទ្ទេស B ៣នាក់, និទ្ទេស C ៣៦នាក់, និទ្ទេស D 112នាក់, និទ្ទេស E ២០៥នាក់ គិតជាភាគរយ៨៩.០៣ភាគរយ ស្រី៩០.៥០ភាគរយ។ បើប្រៀបធៀបទូទាំងប្រទេស មណ្ឌលគិរីស្ថិត ក្នុងរង្វង់ចំណាត់ថ្នាក់លេខ២៕