(ម៉ាន់ដាឡេ, មីយ៉ាន់ម៉ា)៖ បុរសជាអ្នកដឹកនាំភ្ញៀវទេសចរមួយរូបរបស់ប្រទេសមីយ៉ាន់ម៉ា គឺលោក Myo Set បានរិះគន់ពីភាពយឺតយ៉ាវរបស់មន្ត្រីបំពេញបែបបទ ចេញចូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាហេតុនាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកទេសចរ និងអ្នកដឹកភ្ញៀវទេសចរផងដែរ។
ជួបជាមួយអ្នកព័ត៌មាន Fresh News ក្នុងពេលចុះយកព័ត៌មានពីវិស័យទេសចរណ៍របស់មីយ៉ាន់ម៉ា នៅក្នុងទីក្រុងយាំងហ្គូន លោក Myo Set បានបញ្ជាក់ថា លោកធ្លាប់បានដឹកនាំភ្ញៀវទេសចរណ៍ចំនួន៤លើក (៣លើកឆ្នាំ២០១៨ និងមួយលើកទៀតនៅឆ្នាំ២០១២) ទៅកាន់ប្រទេសកម្ពុជា ដោយធ្វើដំណើរតាមរថយន្ត ចេញពីមីយ៉ាន់ម៉ា ចូលទៅលេងប្រទេសថៃ បន្ទាប់មកចូលទៅលេងនៅខេត្តសៀមរាប ប្រទេសកម្ពុជា។
លោក បានលើកឡើងថា នៅពេលលោកនាំភ្ញៀវឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មន្ត្រីដែលបំពេញបែបបទនៅច្រកទ្វារនោះធ្វើការមិនរហ័សរហួន និងបង្កភាពស្មុគស្មាញផ្សេងៗដល់ភ្ញៀវទេសចរ។ អ្នករកស៊ីលើវិស័យទេសចរណ៍របស់មីយ៉ាន់ម៉ារូបនេះ ហ៊ាននិយាយដោយត្រង់ៗថា ការដែលមន្ត្រីបំពេញបែបបទទាំងនោះផ្តល់សេវាយឺត និងបង្កភាពស្មុគស្មាញច្រើននេះ ដោយសារតែពួកគេត្រូវការលុយ។ លោកបន្តថា ប្រសិនបើផ្តល់លុយក្រៅសេវាពួកគេនឹងផ្តល់សេវារហ័សរហួន។
លោក Myo Set បន្តថា នៅពេលលោកដឹកនាំភ្ញៀវចូលប្រទេសកម្ពុជានោះ ព្រោះតែភាពស្មុគស្មាញ និងភាពយឺតយ៉ាវនៃការផ្តល់សេវានេះ ធ្វើឱ្យភ្ញៀវរបស់លោកត្រូវធ្វើដំណើរមកកាន់ខេត្តសៀមរាបទាំងយប់ នាំឱ្យភ្ញៀវខ្លះត្រូវនឿយណាយអារម្មណ៍ជាខ្លាំង។
លោក បានលើកឡើងថា ការរៀបចំកញ្ចប់ដំណើរទេសចរណ៍តាមរថយន្តដោយឆ្លងកាត់ពីមីយ៉ាន់ម៉ា ទៅកាន់ប្រទេសថៃ ហើយចូលទៅកាន់ប្រទេសកម្ពុជា គឺជាកញ្ចប់សេវាមួយល្អប្រសើរ មានអ្នកទេសចរណ៍ពីមីយ៉ាន់ម៉ាចូលចិត្ត ព្រោះចំណាយតិច។ ដូច្នេះលោកចង់ឃើញឱ្យមានការសម្រួលដល់ការផ្តល់ សេវានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតឱ្យបានឆាប់រហ័ស កុំឱ្យរំខានដល់អារម្មណ៍ភ្ញៀវ។
មិនត្រឹមតែអ្នកនាំទេសចរណ៍ក្រៅស្រុកនោះទេ អ្នករកស៊ីនាំភ្ញៀវទេសចរក្នុងស្រុកក៏ធ្លាប់បានលើកឡើងពីការផ្តល់សេវាយឺតយ៉ាវសម្រាប់ភ្ញៀវនៅតាមច្រកទ្វារនេះផងដែរ។ អ្នកនាំភ្ញៀវបានលើកឡើងថា មិនត្រឹមតែច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាងទេ សូម្បីតែព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ក៏មិនខុសគ្នាដែរសម្រាប់ការផ្តល់សេវានេះ។
ទេសចរណ៍ជាវិស័យមួយដែលបណ្តាប្រទេសលើពិភពលោក តំបន់អាស៊ី និងបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរតាមការដាក់ចេញយុទ្ធសាស្ត្រល្អរៀងៗខ្លួន។ ការប្រឹងប្រែងនេះ ដោយសារវិស័យទេសចរណ៍ ជាវិស័យមួយដែលបានរួមចំណែកផ្តល់ការងារច្រើនដល់ប្រជាពលរដ្ឋ និងរកចំណូលជំរុញសេដ្ឋកិច្ចជាតិ។ នៅកម្ពុជាបច្ចុប្បន្នវិស័យកើតចេញពីការផ្តល់សេវា ដែលរួមទាំងការផ្តល់សេវាទេសចរណ៍នេះផងដែរ ជាផ្នែកធំជាងគេនៃការផ្តល់ចំណូលទ្រទ្រង់សេដ្ឋកិច្ចជាតិ។
ទាំងលោក Myo Set និងលោកអ្នកនាំភ្ញៀវទេសចរក្នុងស្រុកសុទ្ធតែចង់ឃើញការផ្លាស់ប្តូរ និងការកែប្រែឥរិយាបថរបស់មន្ត្រីបំពេញបែបបទតាមព្រំដែនទាំងផ្លូវគោក និងផ្លូវអាកាស ពោលប្រឹងប្រែងជួយផ្តល់សេវាឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយការបង្ហាញស្នាមញញឹមស្វាគមន៍ភ្ញៀវ ក៏ជាការបដិសណ្ឋារកិច្ចមួយដ៏ជាប់ចិត្តសម្រាប់ភ្ញៀវផងដែរ៕