(រតនគិរី)៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យកម្លាំងនគរបាលទាំងអស់ក្នុងខេត្ត យកចិត្តទុកដាក់ណែនាំបន្តទៅមន្ត្រីនគរបាលក្រោមឱវាទ ឲ្យជ្រួតជ្រាបពីសកម្មភាពក្រុមទណ្ឌិត សម រង្សី (ត្រកូលក្បត់ជាតិ) ដែលប្រមូលផ្តុំកម្លាំងខុសច្បាប់ ប៉ះពាល់សន្តិសុខ និងសណ្តាប់សាធារណៈ ត្រូវតែកម្ចាត់ចោល។
ការបញ្ជាយ៉ាងម៉ឺងមាត់ របស់លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនមន្ត្រីនគរបាលចំនួន១៦៦នាក់ ក្នុងនោះស្រី៧នាក់ ដែលរៀបចំធ្វើឡើងក្នុងសាលប្រជុំស្នងការនគរបាលខេត្តរតនគិរី នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនោះស្នងការនគរបាលខេត្តរតនគិរី បានជំរុញបន្ថែមដល់កម្លាំងនគរបាលទាំងអស់ ដែលបានចូលរួមសូមឲ្យយកចិត្តទុកដាក់ណែនាំ បន្តទៅមន្ត្រីនគរបាលក្រោមឱវាទ ឲ្យជ្រួតជ្រាបពីសកម្មភាពក្រុមទណ្ឌិត សម រង្សី (ត្រកូលក្បត់ជាតិ) ដែលប្រមូលផ្តុំកម្លាំងខុសច្បាប់ ប៉ះពាល់សន្តិសុខ និងសណ្តាប់សាធារណៈ ត្រូវតែកម្ចាត់ចោល។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ក៏បានជូនពរកម្លាំងក្រោមឱវាទ ក្នុងឱកាសបុណ្យាភ្ជុំបិណ្ឌ ជួបតែសុខភាពល្អ ប្រកបការងារជោគជ័យ និងចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់សាធារណៈ ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោកឧត្តមសេនីយ៍ត្រី អ៊ឹម ផានី ស្នងការរងទទួលផែនសន្តិសុខ បានលើកឡើងអំពីបញ្ហាសន្តិសុខ និងសណ្តាប់សាធារណៈ ពាក់ព័ន្ធព័ត៌មានក្នុងភូមិសាស្ត្រ ក្រៅភូមិសាស្ត្រ, ក្នុងប្រទេស ក្រៅប្រទេស និងវិធានការទប់ស្កាត់ សំដៅក្រុមចលនាខុសច្បាប់ទណ្ឌិត សម រង្សី ដែលតុលាការកំពូលរំលាយចោលកន្លងមក។
លោកឧត្តមសេនីយ៍ត្រី អ៊ឹម ផានី បានគូសបញ្ជាក់ថា សូមឲ្យមន្ត្រីនគរបាល តាមមូលដ្ឋានយកចិត្តទុកដាក់តាមដាន រាល់ទង្វើខុសច្បាប់ ព្រោះវាប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕