(ភ្នំពេញ)៖ ថវិកាមូលនិធិសង្កាត់ចំនួន៦ហើយ សម្រាប់ឆ្នាំ២០១៩ ក្នុងចំណោមសង្កាត់ចំនួន៧ នៃមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បើគិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានយកមកបើកការដ្ឋានគម្រោងដាក់លូ២ខ្សែ និងស្តាបនាផ្លូវបេតុងអាមេ៤ខ្សែទៀត ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែទី២។
ការដ្ឋាននេះ បន្ទាប់ពីការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែក ការស្ថាបនា និងការជួសជុលផ្លូវបេតុងអាមេ ទាំងការស្ដារ និងការដាក់ប្រព័ន្ធលូថ្មីៗ ជាច្រើនខ្សែ ចំនួន៥សង្កាត់រួចមកហើយ ក្នុងការបម្រើផលប្រយោជន៍រួម ដើម្បីងាយស្រួលធ្វើដំណើរ និងរំដោះរាល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ជា ពិសី ថ្លែងថា ការអភិវឌ្ឍរីកចម្រើនស្ទើរទូទាំងប្រទេស ព្រោះតែកម្ពុជាទទួលបាននូវសុខសន្តិភាព ពេញបរិបូរណ៍ ពោលបើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំនីមួយៗ សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ ក៏មានការអភិវឌ្ឍស្ថាបនាផ្លូវបេតុង, លូរំដោះទឹកខ្វាត់ខ្វែង ដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិសង្កាត់-ខណ្ឌ មិនតិចតួចទេរាប់សែនដុល្លារ ដើម្បីបម្រើផលប្រយោជន៍រួម បញ្ជៀសនូវរាល់ការលិចលង់ និងសម្រួលដល់ការធ្វើចរាចរណ៍ងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបថា សម្រាប់ភូមិសាស្ត្រដែលត្រូវបើកការដ្ឋានស្ថាបនា និងជួសជុលផ្លូវបេតុងឆ្អឹងដែក ការស្ថាបនា និងការជួសជុលផ្លូវបេតុងអាមេ ទាំងការស្ដារ និងការដាក់ប្រព័ន្ធលូថ្មីៗ បន្ថែមជាបន្តបន្ទាប់ ចំនួន៦សង្កាត់ ក្នុងចំណោមសង្កាត់ចំនួន៧ នៃមូលដ្ឋានខណ្ឌឫស្សីកែវ នាពេលនេះ ក្រៅពីគម្រោងដាក់លូ២ខ្សែ និងស្តាបនាផ្លូវបេតុងអាមេ៤ខ្សែទៀត ជូនប្រជាពលរដ្ឋ រស់នៅសង្កាត់ទួលសង្កែទី២ រួមមាន៖
*ស្ថាបនាផ្លូវបេតុងអាមេ០៣ខ្សែ ប្រវែង៤៣៦,៧២ម៉ែត្រ ទទឹង០៥ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ
*ផ្លូវបេតុងគ្មានសរសៃដែក ០២ខ្សែ ប្រវែង១៨៩,៥០ម៉ែត្រ ទទឹង០៤ម៉ែត្រ និងកម្រាស់០,១២ម៉ែត្រ
*ដាក់ប្រព័ន្ធលូមូល០១ខ្សែ ប្រវែង១២៣ម៉ែត្រ មុខកាត់០,៥០ម៉ែត្រ ដោយចំណាយថវិកាអស់ ២៦១,៦៤៣,៥០០រៀល ស្ថិតនៅសង្កាត់ស្វាយប៉ាក។
ក្រោយពីបើកការដ្ឋានជួសជុលផ្លូវបេតុអាមេ ផ្លូវបេតុងគ្មានសរសៃដែក និងដាក់ប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀង សរុបចំនួន៩ខ្សែផ្សេងទៀត ជូនប្រជាពលរដ្ឋរស់នៅ ក្នុងភូមិទូលគោក ភូមិបាក់ទូក ភូមិចុងខ្សាច់ និងភូមិទួលសំពៅ ស្ថិតនៅសង្កាត់ទួលសង្កែទី១ កាលពីថ្ងៃទី១៧ ខែកញ្ញា។
លើសពីនេះ ប្រព័ន្ធលូចាស់១ខ្សែ ដែលរងការខូចខាតបណ្ដាលឲ្យមានការកកស្ទះ មិនអាចរំដោះរាល់ការលិចលង់ ដោយសារជំនន់ទឹកភ្លៀង សម្រាប់ប្រជាពលរដ្ឋ រស់នៅសង្កាត់ច្រាំងចំរេះទី១នោះ ក៏បានចាប់ផ្ដើមជួសជុលស្ដារឡើងវិញហើយដែរ និងបានទាំងការស្ថាបនាប្រព័ន្ធលូថ្មី បន្ថែម១ខ្សែទៀត ដោយចំណាយថវិកា ប្រមាណ២៣០,០៥៩,០០០រៀល (ជិត៦ម៉ឺនដុល្លារ) កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ក្រោយពីប្រកាសបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែក២ខ្សែ, ផ្លូវបេតុងអាមេ២ខ្សែ, ដាក់ប្រព័ន្ធលូ២ខ្សែ និងស្ដារលូ១ខ្សែទៀត ជូនប្រជាពលរដ្ឋ រស់នៅភូមិក្រោលគោ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ដោយការបើកការដ្ឋានមុនគេបង្អស់ គឺស្ថាបនាផ្លូវបេតុងសរសៃដែក១ខ្សែ ផ្លូវបេតុងគ្មានសរសៃដែក២ខ្សែ និងប្រព័ន្ធលូ១ខ្សែទៀត ជូនប្រជាពលរដ្ឋ រស់នៅក្រុម៨ ក្រុម៤ និងក្រុម៥ ភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ កាលពីថ្ងៃទី១២ ខែកញ្ញា៕