(កំពង់ធំ)៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានរៀបចំការប្រឡងចម្រៀងខ្មែរបុរាណ និងសម័យ ដើម្បីត្រៀមយកទៅប្រកួតមហោស្រពសិល្បៈ ប្រឡងចម្រៀងខ្មែរសកលលើកទី៥ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរអភិបាលក្រុង ស្រុក និងសហភាពសហព័ន្ធយុវជនខេត្តកំពង់ធំ។ កម្មវិធីនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។
លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានផ្សព្វផ្សាយ នូវសេចក្តីជូនដំណឹង របស់គណៈកម្មាធិការអន្តរក្រសួង ស្ដីពីការរៀបចំមហោស្រពប្រឡងចម្រៀងខ្មែរជាសកល ដោយមានបេក្ខជនមកដាក់ពាក្យចំនួន១២២ រូប មានចម្រៀងបុរាណ សម័យ។ លោកបានបន្តថា ក្នុង១២២រូប បានប្រឡងក្នុងវគ្គជំរុះ នៅសល់ត្រឹមបេក្ខជន ដែលត្រូវប្រឡងចំរៀងបូរាណ សម័យ មានចំនួន ២២រូប ក្នុងនោះផ្នែកបូរាណមាន ៦រូប ស្រី ៣រូប និងផ្នែកសម័យមាន ១៦រូប ស្រី ៤រូប។ ក្នុងការប្រឡងត្រូវផ្អែកលើលក្ខណៈសម្បត្តិ ៤ យ៉ាងគឺ សំឡេង ចង្វាក់ កាយវិការ សោភ័ណភាព។
លោក សុខ លូ បានថ្លែងថា វប្បធម៌មានតួនាទីសំខាន់ ក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ និងថែរក្សាបាននូវពណ៌សម្បុរ និងអត្តសញ្ញាណជាតិស្របនឹងពាក្យស្លោក កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌, កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ។ ក្នុងកម្មវិធីនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលជាប្រមុខដ៏ឆ្លាតវៃ។ ជាពិសេសតាមរយៈនយោបាយឈ្នះឈ្នះ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទាំងមូល កសាងបាននូវធ្លុង សាមគ្គី និងឯកភាពជាតិ សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ស្ថិរភាព នយោបាយត្រូវបានពង្រឹង និងជាកត្តាចាំបាច់បំផុត ដែលនាំឲ្យប្រទេសជាតិទាំងមូល មានលទ្ធភាពទទួលនូវការអភិវឌ្ឍ ហើយឈានឡើងរីកចម្រើនជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។
ម្យ៉ាងទៀតចំពោះចម្រៀងបាសាក់ ចម្រៀងមហោរី និងចម្រៀងយីកេ ត្រូវរកឱ្យឃើញនៅបេក្ខជនបេក្ខនារីណាមួយ ដែលច្រៀងទៅប្រកបដោយខ្លឹមសារ និងពិរោះរណ្តំបានល្អ ដើម្បីឲ្យឈានទៅដណ្ដើមជ័យលាភី ក្នុងមហោស្រពថ្នាក់ជាតិ។ ជាមួយគ្នានោះលោកក៏បាន សំណូមពរដល់ពលរដ្ឋទាំងអស់ សូមចូលរួមជួយថែរក្សា និងគាំទ្រនៅវប្បធម៌ឲ្យបានច្រើន ព្រោះថាវប្បធម៌ជាដួងព្រលឹងរបស់ជាតិ។
ជាចុងក្រោយលោកបានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ដើម្បីទទួលបាននូវចំណាត់ថ្នាក់ សម្រាប់ចូលរួមក្នុងមហោស្រព ទូទាំងប្រទេសនារយៈពេលខ្លីខាងមុខនេះ ហើយនឹងដណ្ដើមបាននូវកិត្តិយស សម្រាប់ខេត្តកំពង់ធំផងដែរ។
គួរបញ្ជាក់ផងដែរការប្រកាសលទ្ធផលរបស់បេក្ខជន ដែលជាប់ជ័យលាភី១ ផ្នែកបុរាណ បេក្ខជន ចាយ សំអឿន (បទ ចុងក្បក) និងបេក្ខនារី សឿន ចន្ថា (បទ លោមនាង), ជ័យលាភី២ ផ្នែកសម័យ បក្ខជន ហ៊ី ប៊ុនហៀង (បទ លាពៅទៅច្បាំង) និងបេក្ខនារី ឃី កុសល (បទ ត្រពាំងសាបកូលាបរោយ)៕