(កំពង់ចាម)៖ ជាការបន្តគោលគំនិតរបស់ថ្នាក់ដឹកនាំមុនៗ ក៏ដូចជា ការលើកទឹកចិត្តដល់សិស្ស ដែលព្យាយាមរៀនសូត្រ រហូតទទួលបាននិទ្ទេសល្អប្រសើរយ៉ាងដូច្នេះ (និទ្ទេស A) លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ដល់ម៉ូតូជារង្វាន់លើកទឹកចិត្តជូនសិស្សនិទ្ទេស A ម្នាក់ ១គ្រឿងទាំង ៩នាក់ នៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
នៅចំពោះសិស្សពូកែទាំង៩នាក់ លោក អ៊ុន ចាន់ដា បានថ្លែងថា នេះជាការលើកទឹកចិត្តរបស់លោកផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងទៅ ហើយទាំងអស់នេះ គឺជាកិត្តិយសសម្រាប់ខ្លួនឯង ក៏ដូចជា មាតា បិតា ឬអាណាព្យាបាល នាយកសាលាផ្ទាល់ ជាពិសេសកិត្តិយសសម្រាប់ខេត្តកំពង់ចាមរបស់យើងផងដែរ។
មួយផ្នែកទៀត ការជួយម៉ូតូនេះ ក៏ដើម្បីបានរួមចំណែកសម្រាលបន្ទុកដល់ឪពុក ម្ដាយ ឬអាណាព្យាបាល ក្នុងការដោះស្រាយជាមធ្យោបាយធ្វើដំណើរ សម្រាប់កូនចៅរបស់ខ្លួន។
លោកអភិបាលខេត្ត បានលើកឡើងទៀតថា «ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែករបស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែចំពោះមុខយើងត្រូវគិតគូអំពីអនាគត ការបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈការប្រលងប្រជែងនៅកម្រិតឧត្ដមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសលរបស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ ។ លើសពីនេះទៅទៀតនោះ នៅពេលក្មួយៗ បានបន្តនៅកម្រិតឧត្ដមសិក្សាហើយ ក្មួយៗ ត្រូវខិតខំព្យាយាមរៀនសូត្រ ឲ្យបានពូកែ ធ្វើយ៉ាងណាឲ្យក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បីយកចំណេះដឹងមកបំរើដល់ប្រយោជន៍សង្គមជាតិ ក៏ដូចជាភាពរីកចំរើនដល់ក្រុមគ្រួសារផងដែរ។
សូមជម្រាបថា ការផ្ដល់រង្វាន់លើកចិត្តនេះ នឹងធ្វើឡើងដូចៗគ្នា នៅតាមបណ្ដាស្រុកផ្សេងៗទៀត នៃខេត្តកំពង់ចាម ពោលគឺអាស្រ័យលើទៅតាមការរៀបចំរបស់ក្រុមការងារនៅក្នុងមូលដ្ឋាននីមួយៗ។ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ នៅទូទាំងខេត្តកំពង់ចាម មានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ២៧នាក់ ក្នុងនោះស្រីចំនួន ១៣នាក់៕