(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់ជនរងគ្រោះដោយសារបាក់ដីភ្នំសង្កត់លើ ក្នុងពេលដែលកំពុងមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងស្រុកសំឡូតខេត្តបាត់ដំបងកន្លងទៅ។
នាក្នុងឱកាសនោះដែរ លោក ងួន រតនៈ និងលោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើការសាកសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះជនរងគ្រោះ និងផ្តាំផ្ញើឱ្យថែទាំអ្នកជំងឺឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។
អំណោយដែលបានផ្តល់ជូនរួមមាន៖ ទឹកបរិសុទ្ធវីឃែរ ចំនួន២កេស មី១កេស មុង១ភួយ១ ក្រមា១ សារុង១ អាវយឺត២ និងថវិកាម្នាក់១លានរៀល ពីរដ្ឋបាលខេត្ត។ ដោយឡែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅជិតខាង និងគ្រូពេទ្យប្រចាំការទទួលបានទឹកបរិសុទវីឃែរ ចំនួន១យួ ក្រមា១ និងថវិកាមួយចំនួន ផងដែរ។
ជាមួយគ្នានេះលោក ទឹ្រង កុសល និងលោក ឆាយ កុយ ដែលជាជនរងគ្រោះ ក្នុងគ្រោះថ្នាក់ធម្មជាតិដីភ្នំបាក់សង្កត់លើនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលជានិច្ចកាល តែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក មានជំងឺបានយកចិត្តទុកដាក់ដោយមិន រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
គួរជម្រាបថា បន្ទាប់ពីកម្លាំងចម្រុះបានចុះរុករកខ្លួនជន រងគ្រោះដែលបានបាត់ខ្លួនចំនួន២នាក់ ហើយបានរកឃើញម្នាក់មុនគេមានឈ្មោះ ទ្រឹង កុសល ភេទប្រុស អាយុវ២៦ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង រងគ្រោះដោយសារដីបាក់សង្កត់ ក្នុងពេលដែលកំពុងមានភ្លៀងធ្លាក់ខ្លាំងលើភ្នំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ រួចដឹកយកមកសង្គ្រោះបន្ទាន់ និងបានសម្រាកព្យាបាល នៅកមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។
លុះដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងចម្រុះបានរកឃើញជនរងគ្រោះម្នាក់ទៀត មានឈ្មោះ ឆាង កុយ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅស្រុកសំឡូត ជាមួយគ្នារងរបួសធ្ងន់ ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ផងដែរ៕