(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា ផ្លែផ្កា នៃសន្តិភាពបានធ្វើឲ្យក្រុងប៉ោយប៉ែតមានការអភិវឌ្ឍ និងប្រែប្រួលមុខមាត់ថ្មីខ្លាំង ដោយមានការអភិវឌ្ឍលើវិស័យឧស្សាហកម្មរោងចក្របង្កើតការងារ បង្កើនចំណូលគ្រួសារក្មួយៗ ក៏ដូចជា ប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិសង្កាត់តែម្តង ដោយកាត់បន្ថយបានការធ្វើចំណាកស្រុកទៅធ្វើការក្រៅប្រទេសដែលអាចប្រឈមបញ្ហាផ្សេងៗផងដែរ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាងរាស្រ្ត និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយលោក លោកស្រី ជាក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញដឹកនាំបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តប្រជាធម្មត្រ័យ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលមានអ្នកចូលរួមជាង១ពាន់នាក់ផងដែរ។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខជូនពរពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ ពិសេសបងប្អូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែតទាំងអស់។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា «យុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បាននាំកម្ពុជាដែលមានប្រវត្តិអតីតកាលលំបាកខ្លាំងណាស់ ធ្វើពលិកម្មគ្រប់បែបយ៉ាងទម្រាំមានសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្នដោយបានរើបម្រាស់ចេញពីស្ថានភាព នៃភ្លើងសង្គ្រាមដ៏សែនលំបាកក្រីក្រ ដោយប្រើដៃម្ខាងអភិវឌ្ឍន៍ប្រទេស និងដៃម្ខាងទៀត ការពារការប៉ុនប៉ងត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងបានកំពុងប្រឹងប្រែងឈានទៅប្រទេស ជាមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០»។
ក្នុងនាមជាពុទ្ធសាសនិកឧបត្ថម្ភ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បាននាំយកទេយ្យទានបច្ច័យវេរប្រគេន និងអំណោយផ្តល់ជូនដូចជា៖
វត្តប្រជាធម្មត្រ័យ មានទឹកសុទ្ធ, ទឹកក្រូច, ទឹកផ្លែឈើ, មី, ទឹកស៊ីអ៊ីវ, ទឹកត្រី, អង្ករ ៥០០គ.ក្រ, ប្រគេនព្រះសង្ឃ៤០អង្គ ក្នុងមួយៗអង្គ បច្ច័យ២ម៉ឺនរៀល ស៊ីម៉ង់១៥០តោន និងបច្ច័យកាន់បិណ្ឌវេនទី៧សរុប៧,៦៥០,០០០រៀល និង៣០,០០០ដុល្លារ និងរួមទាំងអ្នកចូលរួមចំនួន ១,០០០នាក់ ក្នុងម្នាក់ៗ សារុង១ ថវិកា១ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ពិធីបុណ្យកាន់បិណ្ឌវេនទី៧រួចមកលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយក្រុមការងារ បានចុះទៅពិនិត្យមើលព្រះវិហារ និងសាលាឆាននៅវត្តចំនួន២ទៀត ដោយបានវេរប្រគេននូវវត្តទី១ គឺវត្តនិម្មិតកូនដំរី ប្រគេនស៊ីម៉ង់៥០តោន និងបច្ច័យ២០លានរៀល និងវត្តទី២ វត្តថ្មសិន ប្រគេនស៊ីម៉ង់៥០តោន និងបច្ច័យ២០លានរៀលផងដែរ៕