(ភ្នំពេញ)៖ លោកកិត្តិបរិក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានផ្តាំផ្ញើដល់ និស្សិតសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខិតខំស្វែងយល់ និងដកស្រង់បទពិសោធន៍ ពីការអនុវត្តការងារជាក់ស្តែង នៅក្នុងការដ្ឋានការងារប្រចាំថ្ងៃ និងត្រូវតស៊ូព្យាយាមអត់ធន់ ដើម្បីបង្កើតស្នាដៃល្អៗសម្រាប់ជាតិ។
កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ផ្តាំផ្ញើបែបនេះ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រ និងសញ្ញាបត្របញ្ចប់ការសិក្សា ដល់សិស្ស-និស្សិតជ័យលាភី ថ្នាក់វិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១,៣៣៤នាក់ របស់សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីពួកបានបញ្ចប់ការសិក្សាដោយជោគជ័យ។
កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាននិងកំពុងសហការគ្នាជិតស្និទ្ធ ជាមួយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបណ្តុះបណ្តាល និងកសាងសមត្ថភាពជូនមន្រ្តីរាជការ និងសាធារណជន ពិសេសសម្រាប់អនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ព្រមទាំងទទួលបានការគាំទ្រ ពីក្រសួងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការ សាធារណជន សិស្ស-និស្សិត សាស្រ្តាចារ្យ អាណាព្យាបាល និងការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មការទទួលស្គាល់គុណភាពអប់រំកម្ពុជា (គ.ទ.ក) លើគុណភាពអប់រំ និងបណ្តុះបណ្តាល។
ទន្ទឹមនេះ កិត្តិបរិរក្សបណ្ឌិត ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានគូសបញ្ជាក់ថា ដោយមានការគាំទ្រពី អគ្គបណ្ឌិតសភាពចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តាមរយៈបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ, ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបង្កើនកិច្ចសហការសស្រាក់សស្រាំជាមួយ អង្គភាពជំនាញសំខាន់ៗ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចជា វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងបង្កើនការចូលរួមចំណែក ក្នុងការងារកសាងនិងអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការ និងសាធារណជន លើជំនាញចាំបាច់សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ជាពិសេស សម្រាប់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យច្រើនថែមទៀត។
កិត្តិបរិរក្សបណ្ឌិត បន្តថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងបរិការណ៍តំបន់ និងពិភពលោកដែលរចនាទៅដោយការវិវត្តរីកចម្រើន កាន់តែខ្លាំងឡើងនៃ «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងបានស្តែងឡើងតាមរយៈ «បដិវត្តឧស្សាហកម្មទី ៤.០» ដែលកំពុងក្លាយជាកម្លាំងចលករគន្លឹះចម្បងមួយ មានឥទ្ធិពលដល់ការកំណត់និន្នាការនៃសង្គម-សេដ្ឋកិច្ច ពីគ្រប់ទិដ្ឋភាព ពិសេសទាំងកាលានុវត្តភាព និងបញ្ហាប្រឈមរបស់សកលលោកទាំងមូល។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យា នឹងជំរុញល្បឿន និងភាពស៉ីជម្រៅនៃការបង្កើតឧបករណ៍ និងកម្មវិធីស្វ័យប្រវត្តិកម្ម ដែលអាចជំនួសដល់កម្លាំង និងបញ្ញាមនុស្សយ៉ាងសម្បើម។
ក្នុងបរិការណ៍នេះ ការអប់រំគឺជាការកត្តាកំណត់ដ៏សំខាន់ សម្រាប់ធានាជោគវាសនា និងការអភិវឌ្ឍប្រកបដោយចីភាពរបស់សង្គមជាតិ។ តាមរយៈនេះ «ការអភិវឌ្ឍធនធានមនុស្សមានគុណភាព បច្ចេកវិទ្យា និងនវានុវត្ត» គឺជាកិច្ចការចាំបាច់សម្រាប់កម្ពុជា ដើម្បីចូលរួមចំណែកប្រកបដោយជវភាព និងឧត្តមភាព នៅក្នុងសមាហរណកម្មដោយពេញលេញ ទៅក្នុងតំបន់ និងពិភពលោក។
ក្នុងន័យនេះ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិស្ស និងនិស្សិតជ័យលាភីទាំងអស់ បន្តខិតខំស្វែងយល់ និងដកស្រង់បទពិសោធន៍ពីការអនុវត្តការងារជាក់ស្តែង នៅក្នុងការដ្ឋានការងារប្រចាំថ្ងៃ និងត្រូវតស៊ូ ព្យាយាម អត់ធន់ ប្រកបដោយសីលធម៌ និងបុរេសកម្ម រួមនឹងការច្នៃប្រឌិតខ្ពស់ ដើម្បីដុសខាត់ និងហ្វឹកហ្វឺនចំណេះដឹងរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងស្ទាត់ជំនាញ សម្រាប់ឆ្លើយតប ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ទៅនឹងតម្រូវការទីផ្សារការងារ និងសង្គមជាតិ សំដៅដោះស្រាយទប់ទល់គ្រប់បញ្ហាប្រឈមចំពោះមុខផង និងបង្ករបង្កើតស្នាដៃល្អៗសម្រាប់សង្គមជាតិកម្ពុជា។
តាមរបាយការណ៍សង្ខេបរបស់ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សាកលវិទ្យាល័យ ត្រូវបានបង្កើតឡើង និងចាប់ផ្តើមដំណើរការដំបូងនៅឆ្នាំ២០១១ ដោយមានឈ្មោះថា វិទ្យាស្ថានឯកទេសសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានប្រែក្លាយមកជា សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៥។ សាកលវិទ្យាល័យនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស កម្រិតឧត្តមសិក្សា លើមុខជំនាញដែលជាសេចក្តីត្រូវការចាំបាច់ សម្រាប់រួមចំណែកក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទន្ទឹមនឹងការគាំទ្រ និងការការតម្រង់ទិសពីក្រសួងអប់រំ និងការចូលរួមគាំទ្រពីតួអង្គពាក់ព័ន្ធ, សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ-អន្តរជាតិសំខាន់ៗ រួមមាន៖ គណកម្មការមូលបត្រកម្ពុជា, ទីផ្សារមូលបត្រកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, សាកលវិទ្យាល័យឆាលស្ទឺត ប្រទេសអូស្រ្តាលី, ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់អន្តរជាតិ Oracle, ស្ថាប័ន Inspire Professional ប្រទេសម៉ាឡេស៊ី និងស្ថាប័ន ACCA Cambodia, ក្រុមហ៊ុន និងធនាគារធំៗជាតិ-អន្តរជាតិ ដូចជា ក្រុមហ៊ុន EY, KPMG, PWC, Deloitte, ABA Bank, May Bank, CIMB Bank និង ធនាគារកាណាឌីយ៉ាជាដើម៕