(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែងអស់ ១៣ខ្នងផ្ទះ ស្មើនិង២៤គ្រួសារ ស្ថិតនៅក្រុមទី៦ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពញ គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានទទួលការជួយសង្គ្រោះជាថវិកាសរុបប្រមាណ ១៩,០០០,០០០រៀល ពីសប្បុរសជននានាដូចជា តំណាងលោកឧកញ៉ា នី សម្បត្តិ, លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងលោកឧកញ៉ា ដួង ឆាយ ក្រោមដឹកនាំផ្ទាល់ដោយលោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ។
ក្នុងដំណើរចុះជួបសួរសុខទុក្ខផ្ទាល់ ក្នុងការនាំយកថវិកាសប្បុរសជន ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យនេះ លោកអភិបាលខណ្ឌទាំង២ បានពាំនាំនូវការចូលរួមសោកស្តាយ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមឲ្យកាត់ចិត្ត កុំអស់សង្ឃឹម ហើយនៅតែមានក្ដីសង្ឃឹមក្នុងជីវិតរស់នៅជានិច្ច ដើម្បីអាចប្រកបរបររកទទួលទាន ស្តារជីវភាពគ្រួសារឡើងវិញ និងសូមឲ្យមានការប្រុងប្រយត័្នខ្ពស់ បង្ការចំពោះគ្រោះអគ្គិភ័យកើតឡើងទៀត។
លោកអភិបាលខណ្ឌទាំង ២បានបន្តថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
បើតាមរបាយការណ៍របស់សមត្ថកិច្ច នាវេលាម៉ោងប្រមាណជា ១១៖៣០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយចំនួន ដោយសារមូលហេតុ (លេងភ្លើង) ដែលបណ្ដាមឲ្យបុរសពិការភាពម្នាក់ស្លាប់យ៉ាងអណោចអធម៌ ខណៈក្មេងប្រុសសិស្សសាលាម្នាក់ទៀតរងរបួស ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ។
យ៉ាងណាក៏ដោយ បន្ទាប់ពីកើតហេតុការគ្រោះអគ្គិភ័យនេះភ្លាមៗ ក៏មានកិច្ចអន្តរាគមន៍ដើម្បីជួយបាញ់ពន្លត់ពីរថយន្ដពន្លត់អគ្គីភ័យរបស់សាលាខណ្ឌឫស្សីកែវ, រថយន្ដ ក្រុមហ៊ុន (OCIC) នៃទីក្រុងជ្រោយចង្វារ, រថយន្តក្រុមហ៊ុនប្រេងឥន្ទនៈកម្ពុជាតេលា, រថយន្ត បុរីវិមានភ្នំពេញ ហើយរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១២៖៣០នាទីថ្ងៃដដែលនោះ៕