(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិក ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២០ ដែលបានកើនឡើងដល់១៩០ដុល្លារក្នុងមួយខែ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី និងមានសមាជិក ជាតំណាងភាគីកម្មករនិយោជិត ចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ និងបានប្រជុំផ្ទៃក្នុងចំនួន ៨លើក កិច្ចប្រជុំទ្វេភាគីចំនួន៦លើក និងកិច្ចប្រជុំត្រីភាគីចំនួន ៦លើក។
ក្រោយពីកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយភាគីតំណាងកម្មករនិយោជិតរក្សាតួលេខចុងក្រោយរបស់ខ្លួន ១៩៥ដុល្លារអាមេរិក, ភាគីតំណាងនិយោជករក្សាតួលេខ ១៨៦ដុល្លារអាមេរិក និងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រកំណត់យកតួលេខ ១៨៧ដុល្លារអាមេរិក។
យោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីគាំទ្រតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖
*តួលេខចំនួន ១៩៥ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៨សំឡេង លើ ៥១សំឡេង
*តួលេខចំនួន ១៨៧ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៤៣សំឡេង លើ ៥១សំឡេង
*តួលេខចំនួន ១៨៦ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង។ ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន ១៨៧ ដុល្លារអាមេរិកជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០។
យោងរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងយោងលើសក្តានុពល នៃកំណើនផលិតភាព តាមរយៈការប្រសើរឡើងនៃសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ៣ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៨៧អាមេរិក។ ដូច្នេះចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៨៥ ដុល្លារអាមេរិក ក្នុងមួយខែចំពោះកម្មករនិយោជិតសាកល្បង។
ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិកដល់ ១១ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២០៧ ដុល្លារអាមេរិក ដល់ ២១៨ ដុល្លារអាមេរិកក្នុងមួយខែ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងដាក់ចេញនូវកម្មវិធីកែទម្រង់នានាសំដៅរក្សាឱ្យបាននូវភាពប្រកួតប្រជែងនៃប្រទេស និងជាមូលដ្ឋានក្នុងការទាក់ទាញទុនវិនិយោគថ្មី និងការងារថ្មីៗដល់ប្រជាពលរដ្ឋ។
ក្រសួងក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ៣ ដុល្លារអាមេរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែមនេះ នឹងរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងក៏ដូចជាក្រុមគ្រួសារកាន់តែមានភាពល្អប្រសើរឡើងជាងមុន។
ក្រសួងក៏សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងកាន់តែមានភាពចាស់ទុំក្នុងការពិភាក្សាប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០២០ នេះ៕