Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានគយ បង្ហាញលទ្ធផល នៃជំនួបទ្វេភាគីគយព្រំដែនលើកទី៤ រវាងកម្ពុជា-វៀតណាម ដោយពិភាក្សា និងឯកភាព ៣ចំណុច

20-09-2019 11:46

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៤ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម ដឹកនាំដោយលោកអគ្គនាយករង នួន ច័ន្ទរិទ្ធ និងលោក Nguyen Cong Binh អគ្គនាយករង នៃអគ្គនាយកដ្ឋានគយវៀតណាម ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើចំណុចសំខាន់ៗចំនួន៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

តាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៤ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម ក្នុងគោលបំណងពិភាក្សា ធ្វើបច្ចុប្បន្នភាពការងារសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ជាពិសេសលើការងារបង្រ្កាបអំពើរត់ពន្ធ បទល្មើសឆ្លងដែន និងការងារផ្លាស់ប្តូរព័ត៌មាន ទិន្នន័យដោយស្របតាមខ្លឹមសារ នៃអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០៧ និងតាមដានវឌ្ឍនភាពនៃកិច្ចប្រជុំលើកទី៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពីតំណាងអង្គភាពគយ និងរដ្ឋាករតាមព្រំដែន របស់ប្រទេសទាំងពីរ។

ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើចំណុចសំខាន់ៗ ចំនួន៣ដូចខាងក្រោម៖

*ទី១៖ ធ្វើបច្ចុប្បន្នភាពឈ្មោះមន្ត្រីទំនាក់ទំនងទទួលបន្ទុកការងារផ្លាស់ប្តូរព័ត៌មាន ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានពាក់ព័ន្ធ ការងារប្រយុទ្ធប្រឆាំង អំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ដើម្បីធានាឱ្យការធ្វើទំនាក់ទំនងគ្នាបានឆាប់រហ័សទាន់ពេលវេលា មានប្រសិទ្ធភាព និងប្រកបដោយការរក្សាការសម្ងាត់វិជ្ជាជីវៈខ្ពស់។
*ទី២៖ ពិនិត្យលទ្ធភាពផ្លាស់ប្តូរទិន្នន័យស្ថិតិជាក់លាក់នូវទំនិញនាំចេញ នាំចូល រួមទាំងទំនិញឆ្លងកាត់ពីប្រទេសទី៣ ក្នុងគោលបណងគាំទ្រ ដល់ការងារ ប្រយុទ្ធប្រឆាំងបទល្មើសគយឲ្យមានប្រសិទ្ធភាពខ្ពស់។ ការងារនេះនឹងត្រូវពិនិត្យ និងសម្រេចពីថ្នាក់ដឹកនាំរបស់រដ្ឋបាលគយទាំង២នៅពេលក្រោយ។
*ទី៣៖ ពិនិត្យ ពិភាក្សា និងរកដំណោះស្រាយដើម្បីធ្វើឱ្យការងារស្នើសុំកិច្ចសហការ និងការឆ្លើយតបបានឆាប់រហ័ស ជាពិសេសស្វែងរកយន្តការ នៃការអនុវត្តការងារនេះ ទៅតាមប្រភេទ និងកម្រិតនៃការស្នើសុំកិច្ចសហការ និងការឆ្លើយតប ដើម្បីកាត់បន្ថយបញ្ហាប្រឈម ក៏ដូចជាការលំបាកនានា រួមមានព័ត៌មានទូលំទូលាយពេក មិនច្បាស់លាស់ជាដើម។

ភាគីទាំងពីរក៏បានជំរុញឱ្យមានការផ្លាស់ប្តូរព័ត៌មាន កាន់តែមានប្រសិទ្ធភាព ជាពិសេសថ្នាក់មូលដ្ឋានមាត់ច្រកទល់មុខគ្នា រួមទាំងការស្វែងយល់ពីមូលដ្ឋានច្បាប់និងបទប្បញ្ញតិ្តរបស់ប្រទេសទាំងពីរ និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ទំនិញឆ្លងកាត់ ជាពិសេសទំនិញកសិផលកម្ពុជាដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមឲ្យបានកាន់តែល្អប្រសើរ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ និងចាត់ទុកកិច្ចប្រជុំទ្វេភាគីនេះមានសារសំខាន់ ដែលនឹងក្លាយទៅជាយន្តការ នៃការធ្វើកិច្ចសហប្រតិបត្តិការជួយគ្នា ទៅវិញទៅមក ឱ្យកាន់តែល្អ ជាពិសេសការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ របស់ប្រទេសទាំង២ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រមូលចំណូលថវិការដ្ឋ របស់ប្រទេសរៀងៗខ្លួន។

គណៈប្រតិភូគយកម្ពុជា បានបន្តទៅទស្សនកិច្ចការងារនៅសាខាគយកំពង់ផែ Cai Mep, Vung Tau ដើម្បីសិក្សាស្វែងយល់ពីនីតិវិធី បំពេញបែបបទបញ្ចេញទំនិញពីគយ លំហូរទំនិញឆ្លងកាត់ និងប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់រដ្ឋបាលគយវៀតណាម ជាពិសេសស្វែងយល់ពីស្ថានភាពលំហូរទំនិញឆ្លងកាត់វៀតណាម ពីប្រទេសទី៣ មកកម្ពុជា តាមកំពង់ផែនេះ៕