(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានក្រើនរំលឹកដល់មន្ត្រីនៅតាមមូលដ្ឋាន ក្នុងខេត្តសៀមរាប ត្រូវផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ ដើមី្បឱ្យពួកគាត់កុំឱ្យចាញ់ឧបាយកលរបស់ក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ជាក្រុមឧទ្ទាមរត់ចោលស្រុក ដែលបានប្រមាថដល់ព្រះចេស្តាព្រះមហាក្សត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងមានបំណងកម្ទេចកម្ពុជាឱ្យក្លាយជាផេះផង់។
ការក្រើនរំលឹករបស់សម្តេចពិជ័យសេនា ទៀ បាញ់ ទៅកាន់មន្ត្រីមូលដ្ឋានបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលសម្តេចពិជ័យសេនា បានអញ្ជើញបើកកិច្ច ប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធយ៉ាង នៅសាលប្រជុំខេត្តសៀមរាប។
ក្នុងនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងកត្តាសំខាន់ដោយចំពោះមហិច្ឆតារបស់ក្រុមជនអគតិមួយចំនួន ដែលបានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនចង់ឱ្យប្រទេសជាតិមានសុខសន្តិភាព ការរីកចម្រើន គឺពួកជនទាំងនោះចង់បង្កចលាចល ធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាសំខាន់ក្នុងពេលថ្មីៗនេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រម្តងជា២ដងថែមទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់អំពីគោលបំណង នៃកិច្ចប្រជុំជូនដល់សមាជិកសមាជិកាអង្គប្រជុំទាំងមូល ដោយបានផ្តោតទៅលើការងារសំខាន់ៗមួយចំនួន ក្នុងការកំណែទម្រង់ស៊ីជម្រៅ សម្រេចឱ្យបានគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ សំខាន់ដើមី្បបន្តពង្រឹងនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យធានាបាននូវកំណើនការងារ សមធម៌ និងប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា។
តាមលទ្ធផល នៃសេចក្តីរាយការណ៍ស្តីពីសមិទ្ធិផលរដ្ឋបាលខេត្ត និងសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ អានដោយលោក ទៀ សីហា អភិបាលខេត្ត ក៏បានធ្វើការបញ្ជាក់ជូនអង្គប្រជុំដោយយោងតាមលទ្ធផលតាមបណ្តាក្រុង ស្រុក កិច្ចអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក និងសមទ្ធិផលនានា ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន សំខាន់លើការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត និងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែមានភាពប្រសើរទ្វេឡើង។ ក្នុងរបាយការណ៍នោះដែរ ក៏បានលើកនូវបញ្ហាមួយចំនួនដែលនៅសេសសល់ មិនទាន់បានធ្វើការដោះស្រាយនៅឡើយផងដែរ។
ក្នុងនោះដែរ ក៏មានការចូលរួមមតិយោបល់ពីលោក លោកស្រី ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយតាមមូលដ្ឋានក្រុង ស្រុក ដែលបានលើកឡើង ពីលទ្ធផលអនុវត្តបាន និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរួចមក កិច្ចប្រជុំទាំងមូល ក៏បានធ្វើការពិភាក្សា ផ្លាប់ប្តូរនូវមតិយោបល់គ្នា ដោយបានទទួលនូវចំណុចល្អៗ ជាមួយគ្នានេះដែរ លោក លោកស្រី ប្រធានក្រុមការងារចុះជួយក្រុង ស្រុក បានលើក ឡើងនូវចំណោទបញ្ហាមួយចំនួន ដែលមានការពាក់ព័ន្ធ បញ្ហាគ្រឿងញៀន, សុខភាពសាធារណៈ, បរិស្ថាន អនាម័យ, បញ្ហាដីធ្លី និងផ្លូវថ្នល់១ខ្សែ ពីស្រុកអង្គរធំ ទៅស្រុកវ៉ារិន រងការខូចខាត និងបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងឧត្តរមានជ័យ ព្រមទាំងបញ្ហាការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍។
លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិ ក៏បានលើកឡើង អំពីបញ្ហាប្រឈមកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាចំណោទយ៉ាងខ្លាំងដែលធ្វើបាត់នូវប្រជាប្រិយ៍ភាព ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឱ្យប្រជាពលរដ្ឋ បាត់អស់នូវទំនុកចិត្ត ក្នុងការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួននោះ។
លោកក៏បានលើកបញ្ជាក់ថា គ្រប់រាល់សមទ្ធិផលទាំងអស់ ដែលក្រុមការងារ និងសប្បុរសជន កសាងស្ថាបនាឡើង នៅតាមបណ្តាក្រុង ស្រុក គឺត្រូវធ្វើការបែងចែកឱ្យបានច្បាស់លាស់ ពីសមទ្ធិផលរបស់រាជរដ្ឋាភិបាល និងសមទ្ធិផលរបស់សប្បុរសជនចូលរួម។ ម៉្យាងវិញទៀត ត្រូវពង្រឹងការផ្តល់សេវាសាធារណៈលើវិស័យមួយចំនួន ដែលជាកង្វះខាតដែលយើងគ្រប់គ្នាត្រូវធ្វើការកែប្រែលម្អ និងធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា៕