(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក នឹម ថូត រដ្ឋលេខាធិការប្រចាំការ និងជាតំណាងលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញក្នុងពិធីប្រគល់សេចក្ដីសម្រេចថ្មី ទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ក្នុងពិធីនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក សំហេង បុរស សមាជិកគណៈអចិន្រៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងជាប្រធានកិត្តិយស ស.ស.យ.ក វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើរបាយការណ៍ស្វាគមន៍ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាស.ស.យ.ក ដែលតែងតែផ្ដល់ឱកាស និងលើកទឹកចិត្តឲ្យមន្រ្ដីដែលជាសមាជិក ស.ស.យ.ក ចូលរួមក្នុងសកម្មភាពសង្គមនានា ជាពិសេសលើកិច្ចការសង្គមកិច្ច។
លោក សំហេង បុរស បានថ្លែងអំណរគុណដល់ក្រុមការងារ ស.ស.យ.ក វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានលះបង់ និងមោះមុតដើម្បីសម្រេចការងារដោយជោគជ័យ នាពេលកន្លងមកដោយប្រកាន់យកគោលការណ៍ស្ម័គ្រចិត្ត។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានលើកឡើងប្រាប់ យុវជនស.ស.យ.ក ក្នុងវិស័យសង្គមកិច្ចថា ក្នុងនាមជាអ្នកបន្តវេន គឺមិនត្រូវរង់ចាំទាល់តែ មានឋានៈ ឬតួនាទី ទើបបំពេញការងារជូនសង្គមជាតិនោះទេ ហើយអ្នកបន្តវេនជាយុវជនគឺសំដៅ លើឧត្តមគតិ បញ្ញា និងមានភារៈកិច្ចក្នុងការរែកពុន នូវភាពទទួលខុសត្រូវ ចំពោះជោគវាសនារបស់ប្រទេសជាតិ និងត្រូវដឹងច្បាស់នូវអ្វីដែលកម្ពុជាមានសព្វថ្ងៃ បានមកដោយរបៀបណា និងត្រូវរួមគ្នាថែរក្សាបន្តការអភិវឌ្ឍ តាមវិធីសាស្រ្តណាបន្ថែមទៀត។
ការលើកឡើងបែបនេះ ស្របពេលដែលលោក ហ៊ុន ម៉ានី ប្រៀបធៀបទៅវីរៈភាពរបស់ឥស្សរជន ជំនាន់២ធ្នូ ឆ្នាំ១៩៩៧៨ ដែលពេលនោះពួកគាត់ គ្មានអ្វីៗទាំងអស់ មានតែបេះដូង ឆន្ទៈ កម្លាំង និងបញ្ញា តែពួកគាត់បាននាំសន្តិភាពជូនកម្ពុជាមកដល់សព្វថ្ងៃ។
ជុំវិញការលើកឡើងដូចនេះ យុវជន សសយក ក្នុងវិស័យសង្គមកិច្ច ក៏បានបង្ហាញនូវការគាំទ្រ និងលើកឡើងពីការតាំងចិត្តរួមគ្នា បំពេញការងារជូនសង្គមជាតិផងដែរ។ យុវជន បានបញ្ជាក់ថា ពួកគាត់បានបំពេញការងារជូនសង្គមជាតិ ជាច្រើនបន្ថែមទៀត នៅពេលពួកគាត់បានស្ម័គ្រចិត្ត ចូលរួមជាសហភាពសហព័ន្ធយុវជនកម្ពុជា។
បច្ចុប្បន្នយុវជនកម្ពុជា ជាច្រើនបានរួមគ្នាបំពេញការងារ សង្គមជាតិតាមរយៈការចូលរួមជាមួយគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា។ ស.ស.យ.ក បង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំយុវជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា មួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម និងគោលដៅជាច្រើនបន្ថែមទៀតសម្រាប់ភាពប្រសើរឡើងរបស់សង្គមកម្ពុជា៕