(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសស្តីពី ការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តកណ្តាល ជាផ្លូវការ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា និមិត្តសញ្ញាខេត្តកណ្តាល មានរាង និងរូបភាពដូចខាងក្រោម៖
* មានរាងមូល
* រង្វង់មូលមានពណ៌មាសព័ន្ធជុំវិញ៖ តំណាងឱ្យទឹកដី នៃខេត្តកណ្តាល ដែលហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ
* មហាចេតិយចំនួន៣៖ តំណាងឱ្យជាតិ សាសនា ព្រះមហាក្សត្រ និងតំណាងឱ្យអំណាចទាំង៣ របស់រដ្ឋ គឺអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ
* ព្រះសក្យមុនីចេតិយ៖ តំណាងឱ្យទីតម្កល់នូវព្រះសារីរិកធាតុ ជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជា ចំពោះព្រះពុទ្ធសាសនា
* កំពូលចេតិយ៖ តំណាងឱ្យអរិយធម៌ និងភាពខ្ពង់ខ្ពស់ នៃប្រជាជាតិកម្ពុជា តាំងពីបុរាណសម័យ
* ក្បូរក្បាច់រចនា៖ តំណាងឱ្យភាពស៊ីវិល័យ ភាពរីកចម្រើន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែក្លាយទឹកដីជនបទទៅជាទីក្រុង
* ឆ័ត្ររួត៧ជាន់៖ តំណាងឱ្យថ្ងៃទាំង៧ នៃសប្តាហ៍ និងថ្ងៃជ័យជំនៈ ៧ មករា
* ភ្នំព្រះរាជទ្រព្យ៖ តំណាងឱ្យមណ្ឌលដែនដី និងការគ្រប់គ្រងទឹកដី នៃខេត្តកណ្តាល
* ដើមឈើពណ៌បៃតង៖ តំណាងឱ្យបរិស្ថានល្អ សំបូរទៅដោយធនធានធម្មជាតិ រុក្ខជាតិគ្រប់ប្រភេទ និងភាពរីកចម្រើននៃវិស័យកសិកម្ម
* ពពក៖ តំណាងឱ្យភាពត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូល នៃសុខសន្តិភាពក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖