(ភ្នំពេញ)៖ កងពលតូចលេខ៧០ បានរៀបចំពិធីសូត្រមន្ត រាប់បាត្រ នៅក្នុងអង្គភាព នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ពិធីសូត្រមន្ត រាប់បាត្រប្រព្រឹត្តទៅ ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ កងទ័ពទាំងអស់។
កងពលតូចលេខ៧០ បាននិមន្ដព្រះសង្ឃចំនួន២១អង្គ មកពីចំនួន៥វត្ត ដើម្បីធ្វើនមសិកាព្រះរតនត្រ័យ សមាទានសីល រាប់បាត ឧទ្ទិសមគ្គផលជូនចំពោះ ដួងវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយ នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានពលីជីវិត ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗទៀត ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃស្មារតីជ័យជំនះ៧មករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយទៅក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រ មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី២១នេះ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណង ដើម្បីឧទ្ទិសមហាកុសលជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ។
ដូច្នេះពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចារចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយសូមងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ និងសង្គមជាតិផងដែរ៕