(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សម តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងក្រុមការងារអមដំណើរ នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញបូជាទៀនធូប និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុរួមទាំងបច្ច័យប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តត្រពាំងត្រាវ ស្ថិតនៅក្នុងភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍ ខេតស្វាយរៀង។
នាយឧត្តមសេនីយ៍ បាននាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ រួមមាន៖ អង្ករ ៥០០គីឡូក្រាម មី៥កេស ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០កេស។
លោកក៏បានចូលបច្ច័យ១០ម៉ឺនរៀល និងសាដក១ ប្រគេនព្រះចៅអធិការវត្ត និងព្រះសង្ឃ៩អង្គទៀត ក្នុង១អង្គៗទទួលបាន សាដក១ និងបច្ច័យ ៤ម៉ឺនរៀល និងជូនយាយជី តាជី ៣៧នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល និងលោកតា លោកយាយ១៥០នាក់ ក្នុងម្នាក់ៗថវិកា ៥ពាន់រៀល និងចូលបច្ច័យសម្រាប់កសាងវត្តចំនួន៥០ម៉ឺនរៀល។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៩នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩៕