(ភ្នំពេញ)៖ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានកំណត់ទិសដៅប្ដេជ្ញាថា នៅទិសដៅត្រីមាសទី៤ ឆ្នាំ២០១៩នេះ សមាគមនឹងបន្តបើកវគ្គបណ្តុះបណ្តាលពីសុវត្ថិភាព អនាម័យចំណីអាហារ និងវគ្គមូលដ្ឋានគ្រឹះសម្រាប់អ្នកលក់ឱសថ ព្រមទាំងផ្តល់អាហារូបករណ៍ដល់សិស្ស ដែលចង់ទទួលបានការសិក្សាផ្នែកបច្ចេកទេសវិជ្ជាជីវៈ (TVET) នៅកម្រិតបរិញ្ញាបត្រ និងអនុបណ្ឌិត។
ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន The Terrace TK ក្រោមអធិបតីភាពលោក សួន រិនឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងមានការចូលរួមពីលោក ង៉េត ចដ្តាវី អនុប្រធានក្រុមប្រឹក្សា លោកឧកញ៉ា លី ហួរ អនុប្រធានក្រុមប្រឹក្សាភិបាល លោកសមូហកបណ្ឌិត ឡី សុភាព នាយកប្រតិបត្តិនៃសមាគម ព្រមទាំងសមាជិក-សមាជិកាមួយចំនួនទៀត។
កិច្ចប្រជុំសាមញ្ញលើកទី៧នេះ គឺធ្វើឡើងដើម្បីឆ្លង និងអនុម័តលើកំណត់ហេតុស្តីពី កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលលើកទី៦ អនុម័តពង្រាងរបាយការណ៍លទ្ធផលសកម្មភាព ត្រីមាសទី៣ ឆ្នាំ២០១៩ និងទិសដៅសំខាន់ៗ នៅត្រីមាសទី៤ ឆ្នាំ២០១៩ របស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងឆ្លងលក្ខខណ្ឌសម្រាប់ការសុំចូលជាសមាជិកគាំទ្រ នៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងបញ្ហាផ្សេងៗមួយចំនួនទៀត។
នៅក្នុងរបាយការណ៍បូកសរុបសកម្មភាពរបស់លោក ឡី សុភាព បានបញ្ជាក់ថា ក្នុងរយៈពេល៣ត្រីមាស កន្លងមកនេះ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានផ្តោតលើការងារសំខាន់ៗចំនួន ៣ ក្នុងនោះមានសកម្មភាពរបស់ក្រុមប្រឹក្សា គឺបានពិនិត្យ និងកែសម្រួលលើកំណត់ហេតុ និងរបាយការណ៍សកម្មភាពតាមផ្នែកតាមវិស័យ បានពិនិត្យ និងកែសម្រួលពាក្យសុំចូលជាសមាជិកគាំទ្រ ព្រមទាំងលក្ខខណ្ឌសម្រាប់ចូលជាសមាជិកគាំទ្រ។
សកម្មភាពប្រធានគណៈកម្មការប្រតិបត្តិតាមវិស័យ ដែលមានវិស័យសុខាភិបាល ទេសចរណ៍ អប់រំ និងពាណិជ្ជកម្ម បានជួបប្រជុំជាមួយសមាជិកអ្នកលក់ឱសថបានចំនួន ៣លើក មានអ្នកចូលរួមជិត១ពាន់នាក់។
ក្រៅពីនេះ សមាគម និងគណៈកម្មាធិការប្រតិបត្តិ ក៏បានចូលរួមប្រជុំជាមួយសភាពាណិជ្ជកម្មកម្ពូជា ដើម្បីពិគ្រោះពិភាក្សា និងស្វែងរកធាតុចូលទៅលើបញ្ហានានា ដែលផ្នែកឯកជនបានលើកឡើងទាក់ទងនឹងវិស័យអប់រំនៅកម្ពុជា និងបានដោះស្រាយបញ្ហាការបើកទីផ្សារដល់សមាជិកបានចំនួន ៣៥ករណី និងដោះស្រាយបញ្ហាផ្លូវច្បាប់ដល់សមាជិកបាន ៤១ករណីទៀត។
ជាងនេះទៅទៀត សមាគម និងគណៈកម្មាធិការប្រតិបត្តិ ក៏បានធ្វើសកម្មភាពនៅលើវិស័យសុខាភិបាល សង្គមកិច្ច ទេសចរណ៍ វប្បធម៌ កីឡា សេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម វិនិយោគ ការងារ និងអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ អភិវឌ្ឍន៍ដីធ្លី និងសំណង់ និងវិស័យអាជីវកម្មទីផ្សារបណ្តាញ។
បើទោះកន្លងមក សមាគមសហព័ន្ធវិនិយោគិនកម្ពុជា សម្រេចបានផ្លែផ្កា និងលទ្ធផលច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែបើតាមលោក ឡី សុភាព សមាគមក៏នៅជួបបញ្ហាប្រឈម និងការលំបាកមួយចំនួន ដូចជាការយល់ដឹងរបស់ប្រជាពលរដ្ឋលើការការពារ និងថែទាំសុខភាពនៅមានកម្រិត ដែលធ្វើឱ្យមានការចំណាយច្រើន នៅពេលដែលមានជំងឺធ្ងន់ធ្ងរ ម្ចាស់អាជីវកម្ម ដែលជាជនជាតិបរទេសមួយចំនួនតូច នៅតែមិនទាន់បានសហការលើការបញ្ជូនបុគ្គលិកមកទទួលការបណ្តុះបណ្តាលនៅឡើយ។
នៅទិសដៅបន្តនៅត្រីមាសទី៤ ឆ្នាំ២០១៩នេះ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា នឹងបន្តពង្រឹង-ពង្រីកសមាជិកតាមផ្នែកតាមវិស័យ ក៏ដូចជាស្នើសុំកែសម្រួលរចនាសម្ព័ន្ធសមាសភាពក្រុមប្រឹក្សាសមាគម បន្តបើកវគ្គបណ្តុះបណ្តាលសុវត្ថិភាព អនាម័យចំណីអាហារ និងវគ្គមូលដ្ឋានគ្រឹះសម្រាប់អ្នកលក់ឱសថតាមឱសថស្ថាន ផ្តល់អាហារូបករណ៍ថ្នាក់បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) កម្រិតបរិញ្ញាបត្រ និងអនុបណ្ឌិត និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយ និងអនុវត្តច្បាប់តាមវិស័យពាក់ព័ន្ធនានា៕