(ភ្នំពេញ)៖ លោក W. Patrick Murphy ដែលជាឯកអគ្គរដ្ឋទូតថ្មី នៃសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានចាប់ផ្តើមការងារនៅថ្ងៃដំបូងរបស់លោកនៅថ្ងៃនេះ ដោយមានការសែនព្រេន នៅផ្ទះអ្នកតាក្នុងស្ថានទូត។ នេះជាការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយភ្ជាប់ជាមួយរូបថតរបស់លោកអង្គុយសំពះព្រះសង្ឃ នៅក្នុងកម្មវិធីសាសនាប្រពៃណីរបស់កម្ពុជា។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា «សូមស្វាគមន៍លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ដែលជាឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា! លោកបានចាប់ផ្តើមការងារនៅថ្ងៃដំបូងរបស់លោកនៅថ្ងៃនេះ ដោយមានការសែនព្រេន នៅផ្ទះអ្នកតាក្នុងស្ថានទូត»។
សូមបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូតថ្មី Patrick Murphy និងភរិយារបស់ខ្លួន បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្តើមការងាររបស់ខ្លួននៅកម្ពុជា ជំនួសឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផុតអាណត្តិ លោក William A. Heidt។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានដកស្រង់សំដីរបស់លោក Heidt កាលពីពេលកន្លងទៅថា លោក Patrick មានប្រវត្តិលេចធ្លោនៅក្នុងការងារ និងស្គាល់តំបន់អាស៊ីអាគ្នេយ៍ច្បាស់ថែមទៀតផង។
លោក Heidt បានបញ្ជាក់ថា «លោក Patrick គឺជាបេក្ខជនតែងតាំងដ៏ល្អបំផុត។ លោកមានប្រវត្តិលេចធ្លោនៅក្នុងការងារស្គាល់តំបន់អាស៊ីអាគ្នេយ៍ច្បាស់ ហើយដឹងពីគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះយ៉ាងច្បាស់»។ លោក Murphy ធ្លាប់ បានមកបំពេញ ទស្សនកិច្ច នៅ កម្ពុជាជាច្រើនដងផងដែរ ក្នុងពេល កាន់តំណែង ជា ឧបការ រង ទទួលបន្ទុក កិច្ចការ អាស៊ី បូព៌ា និង ប៉ាស៊ីហ្វិក ។
លោក W. Patrick Murphy ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័ត ឱ្យក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសខ្លួន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ រួចហើយប្រធានាធិបតីលោក Trump បានបញ្ជូនការតែងតាំងនេះ ទៅព្រឹទ្ធសភា ដែលយោងតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មានការទទួលខុសត្រូវក្នុងការផ្តល់ «ប្រឹក្សា និងការយល់ព្រម» លើការតែងតាំងទាំងឡាយ ដោយប្រធានាធិបតី ក្នុងនោះមានឯកអគ្គរដ្ឋទូតផងដែរ។
លោក Murphy ជាអតីតឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ហើយជាសមាជិកអាជីពម្នាក់ នៅក្នុងកិច្ចការបរទេសជាន់ខ្ពស់។ កន្លងមកលោក គឺជាអនុប្រធានទូត និងជាភារធារី ប្រចាំនៃប្រទេសថៃ ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦, នៅប្រទេស Lesotho ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៨ ហើយបានធ្វើជាតំណាងស្តីទីពិសេស និងជាអ្នកសម្របសម្រួលគោលនយោបាយ សម្រាប់ប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣។
លោក Murphy បានបញ្ចប់ ការសិក្សា ថ្នាក់ បរិញ្ញាបត្រ ពី ការ សាកល វិ ទ្យាល័យ Vermont រួមជាមួយសញ្ញាបត្រអនុបណ្ឌិត ពី សាកលវិទ្យាល័យ John Hopkins និងមហាវិទ្យាល័យយោធា និងបាន បម្រើ ការងារ ក្នុង វិស័យ ការទូត លើស ២៥ឆ្នាំ ហើយ លោក បាន កាន់តំណែង ជាន់ខ្ពស់ ជាច្រើន ផងដែរ ។
កាលពីពេលកន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបង្ហាញភាពសុទិដ្ឋិនិយមថា លោក Patrick. Murphy នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែមានភាពល្អប្រសើរ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វត្តមានលោក Patrick. Murphy ឯកអគ្គរដ្ឋទូត នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានលក្ខណៈល្អប្រសើរ ដោយសារលោកទូត មានបទពិសោធន៍ និងចំណេះដឹងការងារការទូតច្រើនឆ្នាំ, លោកនឹងធ្វើការងារការទូត»៕