(ក្រចេះ)៖ មន្រ្តីជលផល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរស្រុកឆ្លូង ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ នៅថ្ងៃទី១៩ ខែកញ្ញា ២០១៩នេះ បានចុះបង្រ្កាបបទល្មើសជលផល ទ្រង់ទ្រាយធំជាលើកទី២ នៅទំនប់ស្រែអាងស្រែផលបឹងកូនសត្វ ភូមិល្វាធំ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដោយរឹបអូសវត្ថុតាងជាច្រើន ដុតបំផ្លាញចោល។
លោក ម៉ុក ពន្លក នាយរងខណ្ឌជលផល បានឲ្យដឹងថា ការបង្រ្កាបនេះដោយមានការចង្អុលបង្ហាញពីលោក ទ្រី សុភ័ក្រ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តក្រចេះ។ មន្រ្តីជលផល បានចុះបង្រ្កាបបទល្មើសនេសាទឲ្យដូចភ្លៀងរលឹម ហើយការចុះបង្រ្កាបនេះ សមត្ថកិច្ចរឹបអូស និងធ្វើការរុះរើបំផ្លាញចោលឧបករណ៍ណរ៉ាវចំនួន ៥ខ្សែ មានប្រវែង ១៥០០ម៉ែត្រ លបណរ៉ាវចំនួន ១៥គ្រឿង ក្រឡាទំហំ៣សម របាំងប្រួលល្បៃមុងចំនួន ២ខ្សែ ប្រវែង២០០ម៉ែត្រ លូស្បៃមុងចំនួន ៤មាត់លូ បង្គោលចម្រឹងឬស្សីចំនួន ២៤០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ ជាង៥០គីឡូក្រាម។
មន្រ្តីជលផលរូបនេះ បានលើកឡើងថា ក្នុងនាមរដ្ឋបាលជលផល ក៏ដូចរូបលោកផ្ទាល់ សូមសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ ជាពិសេសបងប្អូនប្រជានេសាទ នៅឃុំព្រែកសាម៉ាន់ ឃុំកញ្ជរ ស្រុកឆ្លូង ដែលជានិច្ចជាកាល ជារៀងរាល់ឆ្នាំតែងតែឃើញថា បងប្អូនបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា៖ ឧបករណ៍នេសាទស្បៃមុង, ឧបករណ៍លបណរ៉ាវ ដែលច្បាប់ហាមឃាត់ និងប្រើឧបករណ៍ឆក់ត្រី នៅក្នុងបឹងប្រា និងបឹងកូនសត្វ ស្ថិតនៅឃុំកញ្ជរ។
លោកសំណូមពរឲ្យបងប្អូនឈប់ជាបន្ទាន់ ព្រោះបឹងប្រាំងជាតំបន់អភិរក្ស ហើយត្រីដែលចេញទៅដល់បឹងប្រា និងបឹងកូនសត្វ គឺជាត្រីនៅតំបន់អភិរក្សធ្វើចារាចរណ៍ចេញទៅហើយ បើសិនជាបង ប្អូនប្រើប្រាស់សុទ្ធតែឧបករណ៍ឆក់ ឧបករណ៍នេសាទស្បៃមុង ឧបករណ៍លបរាប់សិបគ្រឿង រាប់ពាន់ម៉ែត្រ ជាពិសេសប្រើឧបករណ៍នេសាទអួននីឡុងក្រលារឹង ដែលហៅថា លបណរ៉ាវក្រៅតំបន់កំណត់នោះ ជាការបង្កមហន្តរាយដ៏ធ្ងន់ធ្ងរដល់ធនធានជលផលនៅក្នុងតំបន់ ជាពិសេសត្រីចម្រុះគ្រប់ប្រភេទដែលនៅតូចៗ កំពុងតែធ្វើការបង្កកំណើត និងធ្វើការបន្តពូជនៅក្នុងបឹងនោះ។
មច្ឆាទាំងនេះ ត្រូវអ្នកនេសាទចាប់មួយថ្ងៃៗ រាប់តោន ដើម្បីបំពេញតម្រូវការរបស់បងប្អូនចិញ្ចឹមត្រីនៅភូមិឈើទាល់ភ្លោះ ឃុំព្រែកសាម៉ាន់ ដូចជា៖ ត្រីឆ្ដោ ត្រីរស ត្រីប្រា ត្រីប៉ូជាដើម មិនតែប៉ុណ្ណោះ ត្រីដែលចាប់បានជាប្រភេទត្រីចម្រុះតូចៗ ដែលបានមកពីស្បៃមុង គឺលក់ឲ្យអ្នកចិញ្ចឹមត្រីនៅតំបន់ផ្សេងទៀត ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផល នៅឃុំព្រែកសាម៉ាន់ និងឃុំកញ្ជរ ដែលកំពុងធ្វើការអភិរក្សនៅបច្ចប្បន្ននេះ។ ប្រសិនបងប្អូនមិនបញ្ឍប់សកម្មភាពនេសាទខុសច្បាប់ទាំងអស់នេះទេ ថ្ងៃណាមួយបងប្អូន និងទទួលទោសទៅច្បាប់តាមរយៈការឃាត់ចាប់របស់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ។
ជាមួយគ្នានេះដែរ លោកនាយរងខណ្ឌរូបនោះ សំណូមពរដល់ហគមន៍នេសាទនៅតំបន់រនោះ ឲ្យផ្ដល់ព័ត៌មានដល់អាជ្ញាធរនៅជិតបំផុត ដើម្បីធ្វើការបង្ក្រាបឲ្យទាន់ពេល ធ្វើយ៉ាងណាត្រូវសហការ យ៉ាងស្អិតរមួតជាមួយប៉ុស្តិ៍រដ្ឋបាលឃុំ ជាមួយអាជ្ញាធរឃុំ-ភូមិ ព្រមទាំងប្រជាការពារ សូមឲ្យកិច្ចសហការរវាងគ្នា និងគ្នាឲ្យខ្ជាប់ខ្ជួន ជានិច្ចជាកាល ដើម្បីចុះជួយទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល។
លោកក៏សូមថ្លែងអំណអរគុណដល់គណៈបញ្ជាការឯកភាពគ្រប់ស្រុក ដែលតែងតែសហការជាមួយស្ថាប័នជំនាញជលផល និងស្ថាប័ណ្ណនានាដើម្បីចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលមានប្រសិទ្ធភាពខ្ពស់៕