(ព្រៃវែង)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារចុះជួយស្រុកបាភ្នំ បានចូលរួមពិធីកាន់បិណ្ឌវេនទី៦ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវត្តស្វាយកាឡី ភូមិកាឡីខាងត្បូង ឃុំស្ពឺ (ក) ដើម្បីឧទ្ទិសកុសលជូនមាតាបិតា ឧបការីជន គ្រូឧបជ្ឈាយាចារ្យ និងញាតិការប្រាំពីរសន្តាន ដែលបានលាចែកឋានទៅកាន់លោកខាងមុខ។
បន្ទាប់ពីការប្រារព្វកិច្ចចប់សព្វគ្រប់ តាមប្រពៃណីព្រះពុទ្ធសាសនារួចមក លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានឆ្លៀតឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងកូនចៅចំណាកស្រុកមួយចំនួន ដែលបានវិលត្រឡប់មកចូលរួមពិធីបុណ្យ ជាមួយក្រុមញាតិគ្រួសារ ដើម្បីជម្រាបជូនពួកគាត់ អំពីសភាពការណ៍រួមរបស់ប្រទេសជាតិ ដែលកំពុងស្ថិតនៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ នាំមកនូវការរីកចម្រើន ក្នុងសង្គមលើគ្រប់វិស័យ ជាក់ស្តែងគឺការប្រែប្រួលមុខមាត់ថ្មីសន្លាង អំពីលំនៅឋាននៅតាមភូមិឃុំក្នុងស្រុកបាភ្នំទាំងមូល ដែលស្ទើរតែគ្មាននៅសេសសល់ចំនួនខ្ទមច្រើនទៀត ដូចកាលពីជាង១០ឆ្នាំមុននោះឡើយ។
លោកប្រធានក្រុមការងារ ក៏បានរំលឹកគូសបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់អំពីសារៈសំខាន់ នៃការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍឱ្យបានស្ថិតស្ថេរគង់វង្សជារៀងដរាបបន្តទៅទៀត ដើម្បីអនាគតរុងរឿងថ្កុំថ្កើង របស់មាតុភូមិនិងកូនចៅជំនាន់ក្រោយ។
ដើម្បីសម្រេចបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ ប្រឈមមុខចំពោះការវិវត្តស្ថានការណ៍ចុងក្រោយ នាពេលបច្ចុប្បន្ន មានកាតព្វកិច្ចសំខាន់ៗមួយចំនួន ដែលយើងត្រូវតែខិតខំពុះពារសម្រេចឱ្យបាន មុនបង្អស់ គឺយើងត្រូវបន្តរួបរួមសាមគ្គីគ្នាគោរព និងអនុវត្តច្បាប់ជាធរមាន សំដៅរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋានឱ្យបានរឹងមាំ ហើយត្រូវពង្រឹងស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីវាយឱ្យបរាជ័យរាល់ល្បិចកលពឹសពុល នៃឧបាយកលបដិវត្តន៍ពណ៌ របស់កំលាំងអមិត្ត ជាអាទិ៍ ការឃោសនាអកុសលនានាជុំវិញការវិលត្រឡប់មកវិញ នៃអ្នកដឹកនាំពួកឧទ្ទាមក្រៅច្បាប់។ល។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុក និងសហការី ព្រមទាំងអភិបាល សមាជិកក្រុមប្រឹក្សាស្រុកនិងមន្ត្រីមូលដ្ឋាន ក៏បានចុះទៅសាកសួរសុខទុក្ខផ្ទាល់ តាមខ្នងផ្ទះគ្រួសារអតីតបងប្អូនចំណាកស្រុក ក្នុងឃុំឈើកាច់ទាំង៧រូប ដែលបានរងគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារឧបទ្ទវហេតុ នៃការរលំដួលសំណង់អគារ៧ជាន់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនាកន្លងទៅ ដោយពាំនាំយកទៅជាមួយ នូវការបន្តចូលរួមរំលែកទុក្ខ និងឧបត្ថម្ភសម្ភារៈរួមទាំងថវិកាមួយចំនួនផងដែរ៕