(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងទាំងអស់ទូទាំងខេត្តកណ្ដាល ត្រូវយកចិត្ដទុកដាក់ ក្នុងការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន ត្រូវឈរជើងការពារ និងយកចិត្ដទុកដាក់ ក្នុងឱកាសរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្ដអារាម និងទីប្រជុំជននានា ដើម្បីចេញអន្ដរាគមន៍បានទាន់សភាពការណ៍។
លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាបែបនេះ នៅចំពោះមុខមន្ដ្រីនគរបាលទាំង ៦០០នាក់ នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ហើយក៏មានវត្ដមានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកណ្ដាល និងលោក លោកស្រីស្នងការរង អញ្ជើញចូលរួមផងដែរ។
លោកស្នងការបន្តថា មិនត្រឹមតែការពារសុខសុវត្ថិភាពឲ្យបានល្អប៉ុណ្ណោះទេ សំខាន់ទៀតនោះ កម្លាំងក៏ត្រូវចេះជួយយកអាសារចាស់ៗ តាមវត្តអារាម អ្នកខ្សោយសុខភាព និងជួយអនាម័យ ព្រមទាំងសម្រួលចរាចរណ៍ឲ្យបានល្អប្រសើរផងដែរ។ ដោយឡែក ក្រុមការងារខាងអគ្គីភ័យ ក៏ត្រូវប្រុងជើងការខ្ពស់ផងដែរ ក្រែងមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ។
លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បាននាំយកថវិកា ដែលជាអំណោយរបស់ នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចែកជូនដល់កងកម្លាំងចំនួន សរុប៥៥៨នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ក្នុងម្នាក់ទទួលបានថវិកាចំនួន៤ម៉ឺនរៀល ផងដែរ៕