(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) បានទម្លាក់កញ្ចប់ថវិកាប្រមាណ ៣លានដុល្លារ ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ថ្មី ផ្តោតលើវិស័យសុខាភិបាល និងវិស័យការងារនៅប្រទេសកម្ពុជា គីហ្គីសស្តង់ (Kyrgyzstan) នេប៉ាល់ និងស្រីលង្ការ នោះគឺកម្មវិធី «The Working for Health Programme» ដែលជាគម្រោងថវិកាកម្មវិធីរយៈពេល ៣ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០១៨ ដល់ខែឧសភា ឆ្នាំ២០២១។
ដើម្បីសុំការគាំទ្រពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក John Ritchotte មន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិប្រចាំទីក្រុងបាងកក បានមកជួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។
លោក John បានឱ្យដឹងថា គម្រោងនេះនឹងជួយអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការពង្រីកសេវាសុខាភិបាលឱ្យដល់ប្រជាពលរដ្ឋ ដែលត្រូវការសេវាសុខាភិបាលកាន់តែច្រើនឡើង ខណៈសេវាសុខាភិបាលនៅកម្ពុជាបច្ចុប្បន្ន កំពុងតែមានតម្រូវការកាន់តែច្រើន។
លោកបានបន្តថា តាមរយៈការពង្រីកសេវាសុខាភិបាល នៃការអនុវត្តគម្រោងនេះ ក៏បានបង្កើតឱកាសការងារយ៉ាងច្រើនដល់ធនធានមនុស្ស ដែលបាននិងកំពុងសិក្សាផ្នែកសុខាភិបាល វេជ្ជសាស្ត្រ រួមចំណែកអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជាថែមទៀត។
វាក៏ចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ និងគោលនយោបាយជាតិមួយចំនួនទៀត។
លោក John បានបន្ថែមថា សម្រាប់នៅកម្ពុជា ដៃគូសំខាន់ក្នុងការអនុវត្តគម្រោងនេះ គឺអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ក្រៅពីនោះមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) អង្គការ OECD ព្រមទាំងដៃគូនិយោជក និងសហជីព។
ឆ្លើយតបនឹងការរៀបរាប់ខាងលើ លោក អ៉ិត សំហេង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងនេះ ពីព្រោះវាក៏ស្របនឹងស្ថានភាពដែលកម្ពុជាកំពុងត្រូវការដៃគូជួយអភិវឌ្ឍន៍វិស័យសុខាភិបាល ក៏ដូចជាវិស័យការងារផងដែរ។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យគម្រោងសូមផ្តោតសំខាន់លើការអភិវឌ្ឍពលកម្មផ្នែកសង្គម និងផ្នែកសុខាភិបាលនៅកម្ពុជា និងការពង្រឹងយន្តការត្រីភាគី ដើម្បីកំណត់អាទិភាពសម្រាប់ការអភិវឌ្ឍពលកម្មខាងលើ។
សូមជម្រាបថា គម្រោងនេះមានការចូលរួមគាំទ្រដោយមូលនិធិសន្តិភាព និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ-ចិន ហើយជាជំនួយគាំទ្រដល់កិច្ចសន្ទនាអន្តរវិស័យ ក្នុងគោលបំណងសម្របសម្រួលដល់ផែនការសុខុមាលភាពពលកម្ម និងបង្កើនការវិនិយោគទៅលើវិស័យនេះ ទាំងក្នុងស្រុក និងអន្តរជាតិ៕