(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសពិធីកាន់បិណ្ឌ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញនៅផ្សារឧត្តុង្គ និងតាមបណ្តាស្តង់នានា ដែលស្ថិតក្នុង ស្រុកឧដុង្គ ដោយធ្វើការត្រួតពិនិត្យទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគវេចខ្ចប់ស្រាប់ ដើម្បីស្វែងរកទំនិញខូចគុណភាព ច្រែះស៊ី ឬហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ជាពិសេសគឺ សាដកសម្រាប់ប្រគេនព្រះសង្ឃតែម្តង។
ក្រុមការងារបានឲ្យដឹងថា ជាលទ្ធផល គឺពុំបានរកឃើញទំនិញខូចគុណភាពហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ឡើយ។
ក្រុមការងារបានបញ្ជាក់ថា ទោះបីជាមិនបានរកឃើញភាពមិនប្រកតីមែន តែមន្រ្តីយើងក៏បានណែនាំ ដល់អាជីវករ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងពីសុវត្ថិភាព គុណភាព និងអនាម័យនៃចំណីអាហារផងដែរ ជាពិសេសគឺការដាក់តាំងលក់ នូវផលិតផលដែលមានអនុលោមភាព រក្សាបាននៅសុខភាព និងគុណភាព៕