(កំពង់ចាម)៖ ក្រសួងទេសចរណ៍ បានប្រារព្ធធ្វើពិធីប្រគល់ពានបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន នៅក្រុងកំពង់ចាម ដែលបានអនុវត្តគោល ការណ៍បរិស្ថានគ្មានផ្សែងបារីបានល្អ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ហេង វន្នី អភិបាលរងខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍លោក ហោ សារុន បានថ្លែងថា ដើម្បីឈ្នះពានបរិស្ថានគ្មានផ្សែងបារី អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម ត្រូវគោរពតាមលក្ខខណ្ឌចំនួន ៦ចំណុចដូចជា៖
*ទី១៖ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅកន្លែងរបស់ខ្លួន ទោះក្នុងទម្រង់ណាក៏ដោយ
*ទី២៖ ត្រូវតាំងបង្ហាញ ឬលក់តែបារីដែលមានសារព្រមានសុខភាព ជារូបភាព និងជាភាសាខ្មែរ ដែលមានទំហំ ៥៥%បោះពុម្ពនៅផ្នែកខាងលើនៃផ្ទៃសំខាន់ទាំងពីរ នៃកញ្ចប់ផលិតផលថ្នាំជក់ *ទី៣៖ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់បានតែមួយកញ្ចប់ក្នុងមួយម៉ាក់នៅកន្លែងលក់ ឬតូបលក់ ឬក្នុងហាងលក់ផលិតផលថ្នាំជក់មួយប៉ុណ្ណោះ ហើយទូ ឬសម្ភារៈតាំងបង្ហាញត្រូវមានពណ៌ត្នោត លាត និងមានទំហំមិន លើសពីពីរពាន់សង់ទីម៉ែត្រការ៉េ (២០០០ ស.ម២)
*ទី៤៖ ត្រូវបិទស្លាកសញ្ញាហាមជក់បារីនៅកន្លែងមើលឃើញច្បាស់
*ទី៥៖ មិនត្រូវដាក់តាំង ឬបង្ហាញប្រដាប់នោះក្រញ៉ូមបារីនៅក្នុងកន្លែងរបស់ខ្លួន ទោះក្នុងទម្រង់ ទំហំ និងប្រភេទណាក៏ដោយ
*ទី៦៖ ត្រូវបង្គាប់ឲ្យអ្នកជក់បារីទៅជក់ខាងក្រៅ បើអ្នកជក់មិនគោរពតាម ត្រូវសហការជាមួយសមត្ថកិច្ចមូលដ្ឋានដើម្បីចាត់វិធានការបន្ត។
លោកបន្តថា ចំពោះម្ចាស់អាជីវកម្មទាំងឡាយណាដែលមិនបានគោរពតាមតាមលក្ខខណ្ឌទាំង៦ ខាងលើនេះ ក្រសួងទេសចរណ៍មិនផ្តល់ ឬបន្តអាជ្ញាបណ្ណជូនឡើយ ហើយថែមទាំងប្រឈម មុខនឹងការផាកពិន័យថែមទៀតផង។
លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថា «ការអនុវត្តបរិស្ថានគ្មានផ្សែងបារី បានផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់អ្នកគ្រប់គ្រង ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន
ព្រមទាំងបុគ្គលិក និងអតិថិជនដែលមកប្រើប្រាស់សេវាកម្មផ្ទាល់ទទួលបានសុខ ភាពល្អ និងចំណេញថវិកា»។
ជាងនេះទៀត ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរនៅតាមរមណីយដ្ឋានផ្សេងៗ និងតំបន់ទេសចរណ៍ ធ្វើអោយភ្ញៀវទេសចរណ៍ទទួលបាននូវផាសុខភាព ពេលមកទស្សនា ដែលនេះជាសក្តានុពលក្នុងការបង្កើនចំណូលជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍។
គូសបញ្ជាក់ផងដែរថា តាមការស្រាវជ្រាវដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គ ការសហប្រជាជាតិ អង្គការសុខភាពពិភព លោក និងលេខាធិការដ្ឋាននៃអនុសញ្ញាត្រួតពិនិត្យ ថ្នាំជក់ បានរកឃើញថា ប្រជា ពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់។
លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលអោយខាតបង់ទឹកប្រាក់ប្រមាណ ៦៤៩ លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង៣% នៃGDP របស់កម្ពុជា។ ដូច្នេះគោលការណ៍បរិស្ថានគ្មានផ្សែងបារី គឺជាយន្តការដ៏មានប្រសិទ្ធភាព និងប្រសើរបំផុត ក្នុងការផ្តល់សុខមាភាពប្រជាជន លើកម្ពស់សេដ្ឋកិច្ចជាតិ និងប្រែក្លាយ កម្ពុជា អោយទៅជាប្រទេសគ្មានផ្សែងបារីនៅឆ្នាំ២០២៥ តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបជាមួយលោកវេជ្ជបណ្ឌិត តាកេស្ស៊ី កាសៃ នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនាព្រឹក ថ្ងៃទី២៦ ខែសីហា នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី៕