(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ រួមជាមួយលោកស្រី រស់ សុភារ៉ាវី ប្រធានគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មជើងឯក បានដឹកនាំក្រុមប្រឹក្សាខណ្ឌ សង្កាត់ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ យុវជនស.ស.យ.ក ប្រជាពលរដ្ឋប្រមាណ៥០០នាក់ បានធ្វើពិធីបង្សុកូលរាប់បាត្រ ព្រះសង្ឃ មកពីវត្តទាំង២៣ក្នុងខណ្ឌដើម្បីឧទ្ទិស ដល់ជនរងគ្រោះដែលបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។
ថ្លែងក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានលើកឡើងអំពីគោលបំណង នៃការធ្វើពិធីបង្សុកូលរាប់បាត្រ គឺដើម្បីឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកថា បងប្អូនខ្លះបាត់បង់ជីវិតទាំងគ្រួសារ ដោយពុំមានបងប្អូនកូនចៅធ្វើបុណ្យឧទ្ទិសកុសលឲ្យ ហើយពិធីនេះ គឺឧទ្ទិសដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋដែលជាជនរងគ្រោះ នៅក្នុងមណ្ឌលឧក្រិដ្ឋកម្មជើងឯកនេះផងដែរ។
សូមជម្រាបថា ពិធីសូត្រមន្ត បង្សុកូល រាប់បាត្រនេះ រដ្ឋបាលខណ្ឌដង្កោ តែងបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្នុងមួយឆ្នាំធ្វើឡើង ចំនួន០២លើក គឺនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ៕