(សៀមរាប)៖ ក្រុមការងារលេខាធិការដ្ឋានសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំវគ្គបណ្ដុះបណ្ដាលកសាងសមត្ថភាព ដល់សមាជិកគណៈកម្មការខេត្តសៀមរាប សម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ក្នុងគោលបំណងកសាងសមត្ថភាពដល់គណៈកម្មការខេត្ត និងលេខាធិការដ្ឋានក្នុងការអនុវត្តគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥។
ថ្លែងបើកវគ្គបណ្តុះបណ្តាលនេះ លោក សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារលើកឡើងថា ក្នុងការចាប់ផ្តើមអនុវត្តគោលនយោបាយនេះ ក្រសួងការងារបានសង្កេតឃើញថា សកម្មភាពមួយចំនួននៅក្នុងគោលនយោបាយ ត្រូវបាននឹងកំពុងអនុវត្តស្រាប់ហើយ តាមរយៈនៃការអនុវត្តសកម្មភាពជាក់ស្ដែងខ្លះៗរបស់ក្រសួង ស្ថាប័ន និងអង្គភាពនានា ដោយស្របផែនការយុទ្ធសាស្ត្រ និងបេសកកម្មរបស់ខ្លួនកន្លងមក។
តែទោះជាយ៉ាងណាក៏ដោយ ការយល់ដឹងអំពីគោលនយោបាយ និងការអនុវត្តនៅមានកម្រិត ដែលទាមទារឱ្យមានការលើកកម្ពស់ការយល់ដឹងបន្ថែមទៀត។ ដូចនេះ តម្រូវការក្នុងការកសាងសមត្ថភាពដល់តួអង្គទាំងឡាយ ដែលជាប់ទាក់ទងនឹងការអនុវត្តគោលនយោបាយនៅថ្នាក់ខេត្ត ពិតជាមានសារៈសំខាន់ និងចាំបាច់។ ហេតុនេះហើយ វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ពិតជាត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅតាមសេចក្ដីត្រូវការសម្រាប់អនុវត្តគោលនយោបាយនេះ។
លោកអនុរដ្ឋលេខាធិការសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ពិតជាបានផ្តល់នូវការយល់ដឹងបន្ថែមទៀត សម្រាប់ការអនុវត្តគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅពង្រឹងសុខដុមរមនាសង្គម ដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ព្រមទាំងដើម្បីរួមចំណែកក្នុងដំណើរការធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្មពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញ នៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ នៃវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពនេះ ដែលលើកទី១ បានរៀបចំនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងមក៕