(ភ្នំពេញ)៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park នឹងក្លាយជាទីផ្សារបោះដុំផលិតផល ដ៏សម្បូរបែបនៅដើមឆ្នាំ២០២០ឆាប់ៗខាងមុខ ខណៈដែលបច្ចុប្បន្ននេះ B2B Park បាននិងកំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់បណ្តាក្រុមហ៊ុន និងហាងលក់ទំនិញបោះដុំ-រាយនានាជាច្រើន ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អេទ្បិចត្រូនិច និងព័ត៌មានវិទ្យា ម្ហូបអាហារ និងភេសជ្ជៈផងដែរ។
ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ដែលកំពុងតែមានសក្ដានុពលនៃខណ្ឌសែនសុខ រាជធានីភ្នំពេញ តំបន់នេះមានការប្រមូលផ្តុំ ទៅដោយហាងលក់ទំនិញ និងផ្សារទំនើបជាច្រើន ក្នុងនោះមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park នឹងក្លាយខ្លួនជាមជ្ឈមណ្ឌលផ្សារបោះដុំ ដាក់តាំង និងលក់ផលិតផលចម្រុះដ៏សម្បូរបែប គួរជាទីទាក់ទាញបំផុតប្រចាំតំបន់ ស្របទៅនឹងការចង់បាន របស់បណ្តាក្រុមហ៊ុននានាឆ្នាំ២០២០ខាងមុខនេះ។
ប្រធានផ្នែកទីផ្សារ និងការជួលទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park លោក ព្រឿង វិបុល បានឲ្យដឹងថ្ងៃទី១៩ កញ្ញានេះថា បច្ចុប្បន្នតំបន់ខាងលើនេះ បានក្លាយជាទីតាំងដ៏មានប្រជាប្រិយភាព លើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ស្របពេលដែលកំណើន នៃប្រជាសាស្ត្របានចូលមករស់នៅកាន់តែច្រើន រួមជាមួយនឹងវត្តមាននៃផ្សារទំនើបនានាផងដែរ។
លោកបន្តទៀតថា ក្រៅពីតំបន់លំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ដែលប្រមូលផ្តុំទៅដោយបុរីធំៗជាច្រើននោះ នៅតំបន់នេះក៏ជាទីប្រជុំអាជីវកម្មចំរុះ គ្លីនិក មន្ទីរពេទ្យឯកជន សាលារៀនរដ្ឋ និងឯកជន ហាងទំនិញទំនើបៗ គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ ហើយក៏មានអគារដែលជាស្ថាប័នរដ្ឋ ជាច្រើនទៀត ពិសេស ធនាគារជាតិនៃកម្ពុជាផងដែរ។
លោកបន្តទៀតថា «មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលនឹងបើកដំណើរការ ជាផ្លូវការនៅត្រឹមដើមឆ្នាំ២០២០ខាងមុខ នឹងចូលខ្លួនមកបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ ក៏ដូចជាតំបន់ជិតខាង ជាពិសេសបណ្តាក្រុមហ៊ុននានា ដែលមានបំណងពង្រីកសក្តានុពល ផលិតផលរបស់ខ្លួនមកកាន់ទីផ្សារផងដែរ»។
ជាមួយនឹងទីតាំងដ៏ល្អ ធំទូលាយ និងមានការចនាអាគារដ៏ទាក់ទាញ ដែលមានកម្ពស់រហូតដល់៦ជាន់ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងត្រូវបានបែងចែកដាច់ដោយឡែក ពីគ្នារវាងជាន់សម្រាប់ដាក់តាំង-លក់ប្រភេទផលិតផល ក៏ដូចជាសេវាកម្ម ក្រុមហ៊ុនទាំងអស់ នឹងទទួលបានផលប្រយោជន៍បន្ថែមជាច្រើនទៀត ដូចជាតម្លៃជួលទីតាំងថោកសមរម្យ រាល់ការផ្សព្វផ្សាយផលិតផល មានប្រសិទ្ធភាពខ្ពស់។
លោក ព្រឿង វិបុល បានបន្តថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងមានការរៀបចំកម្មវិធីពិព័រណ៍ពាណិជ្ជកម្មប្រចាំខែ និងកម្មវិធីផ្សព្វផ្សាយផ្សេងៗ ជារឿងរាល់សប្ដាហ៍ ក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងទូរគមនាគមន៍ ក្រសួងការបរទេស ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ។ ទាំងអស់នេះហើយដែលជាហេតុផល សម្រាប់បណ្តាក្រុមហ៊ុន និងហាងលក់ទំនិញនានា ចាំបាច់ជ្រើសយកមជ្ឈមណ្ឌលពាណិជ្ជកម្ម B2B ParK ធ្វើជាដៃគូលក់របស់ខ្លួន។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា សែនសុខ គឺជាខណ្ឌមួយដែលមានសក្តានុពលខ្លាំង លើវិស័យអចលនទ្រព្យ ជាពិសេសផ្នែកលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ដោយសារតែមានលំហូរប្រជាសាស្ត្រជាច្រើន ចូលទៅរស់នៅក្នុងខណ្ឌមួយនេះ ហើយមានភាពអំណោយផល លើកត្តាភូមិសាស្ត្រ។
លោកបានបញ្ជាក់ទៀតថា «នៅក្នុងខណ្ឌមួយនេះ មានផ្លូវសេដ្ឋកិច្ចសំខាន់ៗជាច្រើន ជាពិសេសផ្លូវហាណូយ ដែលកំពុងតែមានភាពរីកចម្រើន និងអភិវឌ្ឍទៅលើសំណង់អាគារខ្ពស់ៗជាច្រើន ដែលកាន់តែធ្វើឱ្យតំបន់មានតម្លៃកាន់តែថ្លៃ»៕