(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងចម្រុះដែលមានអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបានរកឃើញជនរងគ្រោះម្នាក់ហើយ ក្នុងចំណោមមនុស្សពីរនាក់ ដែលបានបាត់ខ្លួន ក្នុងករណីដីភ្នំបានក់សង្កត់ ពេលមេឃភ្លៀង នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីយោធាប្រចាំការយោធភូមិភាគទី៥។
បើតាមមន្ត្រីយោធា ជនរងគ្រោះម្នាក់ដែលទើបរកឃើញនេះ នៅមានជីវិតនៅឡើយ ដែលមានឈ្មោះ ឆាន កុយ អាយុ១៧ឆ្នាំ ប៉ុន្តែបានរង់របួសមួយចំនួន។ យ៉ាងណាក៏ដោយ លោកក៏មិនទាន់បញ្ជាក់បានអំពីអត្តសញ្ញាណ នៃជនរងគ្រោះដែលរកឃើញនៅឡើយទេ ដោយរងចាំនាំទៅដល់បញ្ជាការដ្ឋានយោធភូមិភាគីទី៥ និងបញ្ជូនបន្តទៅមន្ទីរពេទ្យ។
បើតាមលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនរងគ្រោះត្រូវបានរកឃើញនៅក្នុងទឹកដីថៃ ប្រមាណ២គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ។ លោកថា ហេតុការណ៍នៅខាងទឹកដីថៃ នាំកម្លាំងរបស់យើងទទួលបានព័ត៌មានយឺត។ នៅពេលនេះសម្រាប់ជនរងគ្រោះដែលរកឃើញនេះ ត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យហើយ ខណៈម្នាក់ទៀត កម្លាំងកំពុងរុករកទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋខ្មែរចំនួន៧នាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់ បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួនផងដែរ។
ប្រជាពលរដ្ឋ៧នាក់ ដែលបានចូលទៅដាក់អន្ទាក់ចាប់សត្វនោះរួមមាន៖
១៖ ឈ្មោះ ដុំ សុភាព អាយុ ៦៤ឆ្នាំ,
២៖ ឈ្មោះ ឆែម ប្រុស អាយុ២៥ឆ្នាំ
៣៖ ឈ្មោះ កៅ កាន់ អាយុ១៧ឆ្នាំ
៤៖ ឈ្មោះ កៅ នី អាយុ ២០ឆ្នាំ
៥៖ ឈ្មៅះ ទ្រីន កុសល អាយុ២៥ឆ្នាំ (របួស)
៦៖ ឈ្មោះ ផាន រី អាយុ២៧ឆ្នាំ (បាត់ខ្លួន)
៧៖ ឈ្មោះ ឆាន កុយ អាយុ១៧ឆ្នាំ (ទើបរកឃើញ)
ជនរងគ្រោះទាំង៧នាក់ រស់នៅភូមិអូរត្រែង ឃុំតាតោត ស្រុកសំឡូត ខេត្តបាត់ដំបង៕