(ភ្នំពេញ)៖ ដើម្បីជំរុញការកែលម្អគុណភាព សេវាសាធារណៈ ផ្នែកអប់រំ និងសុខាភិបាល នៅថ្នាក់មូលដ្ឋានសំដៅ បម្រើប្រជាជនឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា អណត្តិទី៦នៃរដ្ឋសភា បានដាក់ចេញនូវអនុក្រឹត្យស្តីពីការវាយតម្លៃ និងទទួលអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។

អនុក្រឹត្យនេះមានគោលបំណងសំខាន់ៗ៤រួមមាន៖

*១៖ ជំរុញឱ្យមានចលនាប្រលងប្រណាំង កែលម្អគុណភាពសេវា សាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង
*២៖ ផ្តល់គោលគំនិតសំខាន់ៗជូនអង្គភាព ផ្តល់សេវាសាធារណៈកែលម្អ ការផ្តល់សេវាសាធារណៈរបស់ខ្លួនឱ្យឈាន ដល់កម្រិតស្តង់ដាខ្ពស់មួយ ដោយប្រើប្រាស់តារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ ដែលគ្របដណ្តប់គ្រប់ទិដ្ឋភាពនៃ ការគ្រប់គ្រងសាលារៀន និងមន្ទីរពេទ្យប្រកបដោយគុណភាព
*៣៖ ផ្តល់ការលើកទឹកចិត្តដល់សាលារៀន និងមន្ទីរពេទ្យនៅថ្នាក់មូលដ្ឋានដែលបានខិតខំ បម្រើសេវាអប់រំ និងសុខាភិបាលប្រកបដោយគុណភាពជូនប្រជាជន
*៤៖ ជំរុញចលនារៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីដកស្រង់បទពិសោធន៍ សម្រាប់កែលម្អការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ និងទទួលបានទំនុកចិត្ត កាន់តែខ្លាំងពីប្រជាពលរដ្ឋ។

បន្ទាប់ពីបានអនុវត្តយ៉ាងហ្មតចត់នូវនីតិវិធីនៃការវាយតម្លៃ ដែលមានស្ថាប័នចំនួន៩ចូលរួម (ក្រសួងមុខងារសាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល ទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងមហាផ្ទៃ, ក្រសួងបរិស្ថាន, អគ្គលេខាធិការដ្ឋាននៃគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ) ស្របតាមស្មារតីនៃអនុក្រឹត្យខាងលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្រេចទទួលស្គាល់ជ័យលាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូចំនួន ៤០ (វិទ្យាល័យចំនួន១០ មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ចំនួន១០ កម្រិត២ចំនួន១០ និងកម្រិត៣ចំនួន១០ទៅតាមចំណាត់ថ្នាក់ពីលេខ១ ដល់លេខ១០) និងបានផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្តសរុបចំនួន ៣,១៦០លានរៀល រួមជាមួយនឹងវិញ្ញាបនបត្រ និងពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ។

ប្រាក់រង្វាន់ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូន ទៅជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ តាមប្រព័ន្ធធនាគារ ដើម្បីជូនអង្គភាពយកទៅប្រើប្រាស់ ក្នុងនោះសម្រាប់ការលើកទឹកចិត្តមន្រ្តីចំនួន ៦០% និងអភិវឌ្ឍអង្គភាពចំនួន៤០%៖