(កំពង់ស្ពឺ)៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានមូលមតិគ្នាជា ឯកច្ឆ័ន្ធ ចូលរួមរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី០៦ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ នៅវត្តកកល្យព្រឹក នៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងពិធីកាន់បិណ្ឌវេនទី០៦នាព្រឹកនេះ លោក វ៉ី សំណាង ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត ក៏បានប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្រ វេរទេយ្យវត្ថុ ភត្តាហារ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិស មគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធ អ្នកមានគុណ បុព្វការីជន ញាតិទាំងប្រាំពីរសន្តាន ដែលបានមរណៈទៅកាន់បរលោកផងដែរ។
សូមជម្រាបថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងឡាយក្នុងព្រះពុទ្ធសាសនា។ ហើយប្រជាពលរដ្ឋ ជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេន ព្រះសង្ឃដែលគង់នៅទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក៕